(ភ្នំពេញ)៖ លោក គូម៉ាម៉ារូ យូជិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយខ្លាំង ចំពោះការហោះត្រង់ជាលើកដំបូង មិនធ្លាប់មានពីមុនមករវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ។ លោកឯកអគ្គរដ្ឋទូតថា ការហោះហើរត្រង់នេះបានសម្រេចក្តីដ៏ធំបំផុត របស់ប្រជាជន នៃប្រទេសទាំងពីរ។
ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) របស់ជប៉ុន បានចុះចតលើទឹកដីកម្ពុជា ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាប្រវត្តិសាស្រ្តនៅថ្ងៃម្សិលមិញនេះ។ ជាមួយការមកដល់របស់ជើងហោះហើររបស់ជប៉ុន រួមជាមួយអ្នកដំណើរ ២៨០នាក់នេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក គូម៉ាម៉ារូ យូជិ និង លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
សារស្វាគមន៍ នៃវត្តមានរបស់ជើងហោះហើររបស់ក្រុមហ៊ុន ANA នេះ លោក យូជិ បានថ្លែងថា «ការហោះហើររវាងប្រទេសទាំងពីរ គឺជាក្តីស្រមៃ ដ៏ធំបំផុតរបស់ប្រជាជន នៃប្រទេសទាំងពីរជាយូរមកហើយ។ ខ្ញុំមានក្តីរីករាយ ដែលក្តីស្រមៃនេះ បានក្លាយទៅជាការពិតនៅទីបំផុត។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះអ្នកទាំងអស់គ្នារួមទាំងភាគីជប៉ុន និងភាគីកម្ពុជា ដែលបានជួយឲ្យគម្រោងនេះកើតឡើង»។
លោកឯកអគ្គរដ្ឋទូតជប៉ុន បានបង្ហាញការជឿជាក់ថា ការហោះហើរត្រង់ជារៀងរាល់ថ្ងៃរវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូ នឹងនាំឲ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន រំកិលទៅកាន់កម្រិតដ៏ថ្ម៏សន្លាងមួយទៀត ហើយចំនួនប្រជាជន ដែលធ្វើដំណើរចុះឡើងរវាងប្រទេសទាំងពីរ ក៏នឹងកាន់តែច្រើនទៅតាមគោលបំណង នៃការធ្វើដំណើររបស់ពួកគេផងដែរ។
លោក យូជិ ក៏បានថ្លែងស្វាគមន៍ដោយភាពកក់ និងរីករាយចំពោះដំណើររបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសជប៉ុន តាមជើងហោះហើរ ANA។ លោកថ្លែងដូច្នេះ «ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់លោកអ្នក ដែលអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន រួមមានទាំងការសិក្សា បណ្តុះបណ្តាល អាជីវកម្ម ឬក៏ធ្វើដំណើរកម្សាន្តផ្សេងៗ»។
ការហោះហើរត្រង់រវាងប្រទេសជប៉ុន នឹងកម្ពុជានេះ ធ្វើដំណើរ១ជើងក្នុងមួយថ្ងៃ គឺចុះនៅម៉ោង ៣៖១០នាទីរសៀល និងចេញទៅវិញនៅម៉ោង ១០៖៥០នាទីយប់។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា ការសម្រេចការតភ្ជាប់ជើងហោះហើរត្រង់ កម្ពុជា-ជប៉ុន ជាផលិតផលដ៏ធំមួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ពិសេសនេះជាជោគជ័យដ៏ធំមួយទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានស្នើលោក ស៊ិនស៊ូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីឱ្យមានជើងហោះហើរត្រង់នេះ៕