(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូមន្រ្តីរាជការរបស់រដ្ឋបាលខេត្តបាត់ដំបង ធ្វើដំណើរទស្សកិច្ចនៅខេត្តព្រះសីហនុ ដើម្បីដកពិសោធន៍ការងាររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។
នៅរសៀលថ្ងៃទី០១ ខែមីនានេះ លោកអភិបាលខេត្ត និងមន្រ្តីរាជការទាំងអស់ដោយមានការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីលោក ថៃ ឫទ្ធី តំណាងលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធាន អគ្គនាយអាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានស្វាគមន៍ និងមានមតិសំណេះសំណាល ព្រមទាំងបានរៀបរាប់ពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា មានការរីកចម្រើន
រហូតដល់បច្ចុប្បន្ននេះ និងមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេនបច្ចុប្បន្នបន្តជួយផងដែរ។
បន្ទាប់មកក្រុមប្រតិភូយើងបានដើរមើលនៅលើកំពង់ផែ រួចដើរទស្សនាទីកន្លែងផ្សេងៗ និងលោក លូ គឹមឈុន បានអញ្ជើញប្រតិភូខេត្តបាត់ដំបងទាំងអស់ បានទទួលទានអាហារពេលល្ងាចជាមួយគ្នា ព្រមទាំងប្រគល់វត្ថុអនុស្សារីយ៍ជូនម្ចាស់ផ្ទះផងដែរ។
លោក ថៃ ឫទ្ធី បានឡើងធ្វើបទបង្ហាញអំពីការអភិវឌ្ឍកំពង់ផែ ដែលកំពុងកសាងបណ្តើរៗ តាំងពីកំពង់ផែទឹករាក់ មកជាកំពង់ផែទឹកជ្រៅ នាពេលអនាគត់នេះផងដែរ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា មិនមែនជារបស់ខេត្តព្រះសីហនុម្នាក់ឯងនោះទេ។
បច្ចុប្បន្នកំពង់ផែ កំពុងកសាងពង្រីកបន្ថែមឲ្យធំ និងជ្រៅជាងមុនងាយស្រួលដល់នាវាដឹកទំនិញធំៗចេញ-ចូលក្នុងប្រទេស និងចេញទៅក្រៅប្រទេស បានស្រួល និងទាក់ទាញបាននាវាអន្តរជាតិបរទេសធំៗ បានចេញ-ចូលផង និងមានប្រាក់ចំណូលរដ្ឋបានច្រើន ចូលរួមកំណើនសេដ្ឋកិច្ចជាតិទៀតផង៕