(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Joseth Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណដល់លោក Joseth Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក លោកស្រីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលតែងតែជួយគាំទ្រកម្ពុជាលើវិស័យជលសាស្រ្ត និងឧតុនិយម ជាពិសេសគឺប្រព័ន្ធផ្ដល់ព័ត៌មានទុកជាមុនសម្រាប់ប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូអង្គការសហប្រជាជាតិថា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តអភិវឌ្ឍ និងពង្រឹងវិស័យជលសាស្រ្ត និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានស្នើដល់តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ៖

*ទី១) ពន្លឿនការងារ CREWS លើប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់ឱ្យមានសុក្រឹតភាព និងជួយស្ដារ និងសាងសង់ស្ថានីយដែលចាំបាច់ក្នុងគម្រោង ព្រមទាំងការធ្វើទំនើបកម្ម

*ទី២) ផ្តល់ហិរញ្ញប្បទានលើការកែលម្អ ការថែទាំ និងការជួសជុលស្ថានីយស្វ័យប្រវត្តិ ប្រព័ន្ធរ៉ាដា និងរៀបចំប្រព័ន្ធផ្ដល់ព័ត៌មានទុកជាមុននៅទូទាំងប្រទេសកម្ពុជា

*ទី៣) ពិនិត្យលទ្ធភាពកៀរគរថវិកាមកជាកញ្ចប់ធំមួយ ដើម្បីអនុវត្ដការងារ EW4ALL ឱ្យមានប្រសិទ្ធភាព

*និងទី៤) បន្តផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីនៃនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បន្ថែមទៀតលើវិស័យជលសាស្រ្ត និងឧតុនិយម។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយមនាពេលកន្លងមក ក្រោមកិច្ចសហការជាមួយក្រុមការងារហានិភ័យពីអាកាសធាតុនិងប្រព័ន្ធប្រកាសអាសន្នជាមុន(CREWS) បានអនុវត្តគម្រោងមួយចំនួនដូចជា៖

*ទី១) វគ្គបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ
*ទី២) វគ្គបណ្តុះបណ្តាលពីការព្យាករធាតុអាកាស ផលប៉ះពាល់និងការផ្តល់ព័ត៌មានជាមុន
*ទី៣) ដំឡើងSoftware ប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅលើServer នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ
*និងទី៤) កំពុងដំណើរការគម្រោងអភិវឌ្ឍប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និងស្ទឹងពោធិ៍សាត់។

តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ លោក Joseth Scheuer បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិនាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តជួយដល់វិស័យជលសាស្ត្រ និងឧតុនិយម ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្យាករណ៍ និងការផ្តល់ដំណឹងជាមុន៕