(ភ្នំពេញ)៖ ​ក្រុមហ៊ុន អេមរុរ៉ាយ (AMRU Rice) របស់ឧកញ៉ា សុង សារ៉ន ​បានដាក់ផែនបំលែងដី ១សែនហិកតា ជាដីកសិកម្មនិរន្តភាព ឬជាដីស្រែដែលទប់ទល់ការផ្លាស់ប្តូរអាកាសធាតុ ដែលហៅថាជាដីស្រែមានកាបូនទាប ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

ផែនការបំលែងដី ១សែនហិកតាជាដីកសិកម្មនិរន្តភាពនេះ ធ្វើឡើងស្របពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងសហព័ន្ធស្រូវអង្ករកម្ពុជា និងអង្គការដៃគូអភិវឌ្ឍន៍ បានដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធី «ស្តង់ដារនិរន្តរភាពស្រូវនៅកម្ពុជា ហៅកាត់ថា ​SRP​» កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាកម្មវិធីដ៏សំខាន់មួយ ក្នុងការជំរុញផលិតកម្មស្រូវឱ្យកាន់តែមានស្តង់ដារ មាននិរន្តភាព និងការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប។ ​

ឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា​ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ដោយលោកបាន​ដាក់ផែនការសហការជាមួយនឹងកសិករចំនួន ៥ម៉ឺនគ្រួសារ លើ​ផ្ទៃដី១សែនហិកតា។ គម្រោងនេះ នឹងចាប់អនុវត្តដំបូងនៅខេត្តបាត់ដំបង បន្ទាប់មកនៅខេត្តព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ មណ្ឌលគិរី កំពង់ស្ពឺ កំពង់ចាម កំពត និងកំពង់ឆ្នាំង។

​បើតាមឧកញ៉ា សុង សារ៉ន កន្លងមកប្រជាកសិករកម្ពុជា ​​បានអនុវត្តកសិកម្មតាមស្តង់ដារ SRP នេះ​រួចមកហើយ ប៉ុន្តែមិនទាន់បានចុះបញ្ជីទទួលស្គាល់ ជាលក្ខណៈថ្នាក់ជាតិ ​ដោយទើបតែបានដាក់សម្ពោធជាផ្លូវការនាពេលនេះ ដើម្បីបញ្ជូនព័ត៌មាននេះ ទៅកាន់ SRP Global ដែលបង្ហាញថា កម្ពុជាបាន​អនុវត្តស្តង់ដារ SRP ក្រោមច្បាប់របស់កម្ពុជា។ ​បន្ទាប់ពីកម្ពុជាបានអនុវត្តស្តង់ដារនេះជាផ្លូវការ កម្ពុជានឹងអាច​លក់អង្ករដោយផ្ទាល់ នៅតាមទីផ្សារលក់រាយ នៅតាមបណ្តាប្រទេសនានា ដូចជាសហគមន៍អឺរ៉ុបជាដើម ដោយមិនចាំបាច់ឆ្លងកាត់ SRP Global​​ទៀតឡើយ។ លោកបញ្ជាក់ថា នៅពេលកម្ពុជា អាចដាក់លក់អង្ករឱ្យដោយផ្ទាល់ នៅតាមទីផ្សារទាំងនោះ នឹងធ្វើឱ្យផលិតផលរបស់កម្ពុជា ទទួលបានតម្លៃបន្ថែម ដែលជា​ការផ្តល់ផលប្រយោជន៍ដល់កសិករ។

លោកបន្តថា «​​យើងសម្ពោធនេះហើយ យើងនឹងបញ្ជូនព័ត៌មានទៅគេ ព្រោះគេចង់ឱ្យយើងសម្ពោធសិនឱ្យដឹងថា យើងមាននៅក្នុងប្រទេសកម្ពុជាហើយ ហើយបានយើងបញ្ជូនទៅគេ ដើម្បីឱ្យគេអនុម័តចុងក្រោយ។ ប៉ុន្តែយើងមានអតិថិជនរងចាំរួចហើយ យើងនឹងត្រៀមបញ្ជូនទៅនៅខែ៤ ខែ៥ ខាងមុខ»។

លោក យ៉ង់ សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានមានប្រសាសន៍ថា ការបំលែងដីមួយ១សែនហិកតា ជាដីកសិកម្មនិរន្តភាព ឬជាដីស្រែដែលទប់ទល់ការផ្លាស់ប្តូរអាកាសធាតុ ដែលហៅថា ជាដីស្រែមានកាបូនទាប ដែលនេះជាគឺទិសដីល្អ ឆ្លើយតបនឹងផែនការដែលបាន​​កំណត់នៅឆ្នាំ២០៣០ ដើម្បីអព្យាក្រិតកាបូន ។​

លោកបន្តថា «តាមរយៈមន្រ្តីកសិកម្មឃុំរបស់យើង យើងនឹងរើសកសិករឱ្យបានច្បាស់លាស់ថា គាត់ឈ្មោះអី ផ្ទៃដីប៉ុន្មានហិកតា គាត់ប្រើពូជស្រូវអី ធាតុចូលអី ដើម្បីគេអាចផ្ទៀងផ្ទាត់បាន ព្រោះចំណុចសំខាន់មួយនៃប្រព័ន្ធ SRP គឺគេអាចផ្ទៀងផ្ទាត់បាន។ យើងជំរុញការប្រើប្រាស់ធាតុចូល ដែលវាល្អដល់សុខភាព ល្អដល់បរិស្ថាន កាត់បន្ថយសារធាតុគីមី ដែលមិនល្អដល់សុខភាព និងបរិស្ថានជាដើម។ ការងារនេះខ្ញុំគិតថា នឹងចាប់ផ្តើមដំណើរការជាម៉ូឌែល និងជាមូលដ្ឋានគ្រឹះសម្រាប់ពង្រីក នៅរយៈពេល៣ទៅ៤ឆ្នាំទៀត»

លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វ អេស៊ា ដែលជាក្រុមហ៊ុននាំចេញអង្ករ ផ្តោតលើទីផ្សារអឺរ៉ុប បានឱ្យដឹងថា ស្តង់ដារផលិតស្រូវនិរន្តភាព ឬ SRP ​ហាក់បីដូចជាថ្មីនៅឡើយ នៅលើឆាកអន្តរជាតិ ដែលគេទទួលស្គាល់ ប៉ុន្តែស្តង់ដារនេះ មានការគាំទ្រពីអង្គការសហប្រជាជាតិ ដោយសារការផលិតស្រូវតាមស្តង់ដារនេះ បានជួយទៅដល់ការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ​សុវត្តភាពចំណីអាហារ និងបរិស្ថាន។

លោកបន្តថា ស្រូវដែលផលិតតាមស្តង់ដារនេះ អាចនឹងមានតម្លៃខ្ពស់ជាងស្រូវធម្មតា។ ​

លោកលើកឡើងទៀតថា «SRP Rice នេះ សម្រាប់ខាងខ្ញុំពួកយើងកំពុងតែចាប់ផ្តើម រៀបចំនៅចុងឆ្នាំ២០២៣​ យើងមានគម្រោងនឹងធ្វើទីផ្សារ SRP Rice ទៅកាន់ទីផ្សារនៅសហគមន៍អឺរ៉ុប និង​ចក្រភពអង់គ្លេស»

លោក មាជ សារូ ប្រធានសហគមន៍អភិវឌ្ឍន៍ស្រុកយើង បានលើកឡើងថា ស្របពេលដែលកម្ពុជាដាក់ឱ្យដំណើរការនូវស្តង់ដារ SRP លោកចង់ឱ្យក្រសួងកសិកម្មបញ្ជូនអ្នកជំនាញ ផ្នែកកសិកម្មទៅបណ្តុះបណ្តាលកសិករបន្ថែម​ ព្រោះ នៅពេលដែលកសិករ នៅតែធ្វើស្រែតាមទម្លាប់ចាស់ នឹងមិនសូវមានទីផ្សារនោះឡើយ​៕