(ភ្នំពេញ)៖ នៅដើមសប្តាហ៍នេះអ្នកវិនិយោគអាមេរិកប្រមាណពីរក្រុម បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់ពួកគេ គឺស្វះស្វែងរកឱកាសវិនិយោគថ្មី និងពង្រីកការវិនិយោគដែលពួកគេកំពុងមាននៅកម្ពុជា។
ក្រុមអ្នកវិនិយោគទាំងពីរក្រុមនោះ មួយក្រុមមកពីក្រុមហ៊ុន Jones Group International ដឹកនាំដោយលោកឧត្តមសេនីយ៍ ជែមស៍ ចូនស៍ (General James L. Jones) នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International និងមួយក្រុមទៀតមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ ក្រុមទីពីរនេះ បាននាំមកជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៧។
អ្នកវិនិយោគទាំងពីរក្រុមនេះ សុទ្ធតែទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យជួបពិភាក្សាការងារពាក់ព័ន្ធការធ្វើធុរកិច្ច ការវិនិយោគនៅកម្ពុជាដោយផ្ទាល់។ ពួកគេក៏បានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធ និងវិស័យឯកជនផងដែរ។
ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី, អ្នកវិនិយោគទាំងពីរក្រុមបានទស្សនៈប្រកបដោយក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបផ្ទាល់ជាមួយសម្តេចនាយករដ្ឋមន្ត្រី។ ពួកគេ បានមើលឃើញពីសក្តានុពលជាច្រើនដែលអាចបើកការវិនិយោគថ្មី និងពង្រីកការវិនិយោគដែលពួកគេមានស្រាប់នៅកម្ពុជា។ ដោយឡែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រៅតែបើកបង្ហាញពីជំហររបស់រាជរដ្ឋាភិបាលសម្រាប់ការវិនិយោគរបស់បរទេស ក៏ដូចជាគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់កម្ពុជាហើយនោះ សម្តេចក៏បានប្រកាសស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះគម្រោងវិនិយោគទាំងឡាយរបស់វិនិយោគិនអាមេរិក។
បន្ទាប់ពីទស្សនកិច្ចនៅកម្ពុជារយៈពេលប្រមាណ៤ថ្ងៃ លោកឧត្តមសេនីយ៍ ជែមស៍ ចូនស៍ បានមើលឃើញថា កិច្ចសហប្រតិបត្តិការលើការវិនិយោគ និងធ្វើធុរកិច្ចរវាងវិស័យឯកជន និងវិស័យឯកជន គឺជាឱកាសល្អមួយសម្រាប់កម្ពុជា និងអាមេរិក។ សម្រាប់លោកឧត្តមសេនីយ៍ ជែមស៍ ចូនស៍ បានមើលឃើញថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនមិនត្រឹមតែជួយឱ្យទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអាមេរិកល្អប្រសើរនោះទេ តែក៏នឹងរួមចំណែកឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក ល្អប្រសើរផងដែរ។
ក្រោយពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា គេបានសង្កេតឃើញថា មានជំនួបជាច្រើនរវាងសម្តេចធិបតីជាមួយមន្ត្រីជាន់ខ្ពស់របស់អាមេរិក និងអ្នកវិនិយោគរបស់អាមេរិកផងដែរ។ តាមរយៈជំនួបរបស់នាយករដ្ឋមន្ត្រីអតីតនិស្សិតពីសាលាយោធាអាមេរិកជាមួយមន្ត្រី និងអ្នកវិនិយោគអាមេរិកនេះ ជាសញ្ញាណល្អនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ឬយ៉ាងណា?
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាសេនាធិការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការវិនិយោគ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលថ្មីបដិសន្ធិឡើង អ្នកវិនិយោគអាមេរិកចង់ដឹងពីជំហរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ អាស្រ័យហេតុនេះហើយទើបអ្នកវិនិយោគអាមេរិកធ្វើដំណើរមកកាន់កម្ពុជា ដើម្បីស្វែងយល់លើបញ្ហាទាំងអស់នេះ។
«សូមបញ្ជាក់ម្តងទៀតថា រាជរដ្ឋាភិបាលយើងអត់មានការរើសអើងទេ។ ច្បាប់វិនិយោគរបស់កម្ពុជា គឺអនុញ្ញាតឱ្យអ្នកវិនិយោគទាំងអស់ នៅទូទាំងពិភពលោកអាចដាក់ទុននៅកម្ពុជា ហើយមានការលើកទឹកចិត្តដូចគ្នា។ មិនមែនចិនបានច្រើនជាងអាមេរិក ឬអាមេរិក បានច្រើនជាងប្រទេសថៃនោះទេ...»។ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញជំហររបស់រាជរដ្ឋាភិបាលលើការវិនិយោគផងដែរថា រាជរដ្ឋាភិបាលស្វាគមន៍អ្នកវិនិយោគរបស់អាមេរិក ហើយក៏ចង់ឱ្យអ្នកវិនិយោគអាមេរិក វិនិយោគកាន់តែច្រើននៅកម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ «ជំហររបស់សម្តេចនាយករដ្ឋមន្ត្រី គឺច្បាស់ណាស់។ កម្ពុជា ស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ទិសទីទាំងអស់ ថែមទាំងមកពីសហរដ្ឋអាមេរិក។ យើងចង់ឃើញក្រុមហ៊ុនសហរដ្ឋអាមេរិកមកដាក់ទុនឱ្យបានច្រើននៅកម្ពុជាយើង»។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ចាប់ពីឆ្នាំ១៩៩៤ ដល់ខែមករា ឆ្នាំ២០២៤ ទុនវិនិយោគរបស់អាមេរិកនៅកម្ពុជា មានទឹកប្រាក់សរុបជាង១ពាន់ ៧៧លានដុល្លារអាមេរិក។ សម្រាប់ខែមករា ឆ្នាំ២០២៤នេះវិញ មានក្រុមហ៊ុនអាមេរិក ដាក់ទុនវិនិយោគនៅកម្ពុជាប្រមាណ ១០លានដុល្លារអាមេរិក ឈរនៅចំណាត់ថ្នាក់លេខ៣។
របាយការណ៍បង្ហាញថា ក្រុមហ៊ុនរបស់អាមេរិក វិនិយោគលើវិស័យកសិកម្ម, កសិក-ឧស្សាហកម្ម, ឧស្សាហកម្ម និងទេសចរណ៍៕