(ខេត្តកណ្តាល)៖ ឆ្នាំនេះសម្រាប់ការប្រទ្បងប្រណាំងផ្ទៃក្នុងខេត្តកណ្តាលស្តីពីភូមិឃុំ សង្កាត់មានសុវត្ថិភាពក្នុងវិស័យបរិស្ថាន គណៈកម្មការវាយតម្លៃរបស់ស្រុកកៀនស្វាយ បានផ្តល់ពិន្ទុះដល់ឃុំដីឥដ្ឋ ដើម្បីទទួលបាននូវចំណាត់ថ្នាក់លេខ១ ជាភូមិឃុំមានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន ខណដែលឆ្នាំមុនជយ័លាភីលេខ១បានទៅឃុំភូមិធំ។

លោក យ៉ែម ប៊ុណ្ណា មេឃុំដីឥដ្ឋ បានលើកទ្បើងថា ពាក់ពន្ធ័នឹងបញ្ហាភូមិឃុំ សង្កាត់មានសុវត្ថិភាព ក្នុងវិសយ័បរិស្ថាននេះ គឹនៅក្នុងមូលដ្ឋានឃុំដីឥដ្ឋទាំងមូល យើងបាន រៀបចំនូវការងារជាច្រើនដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន។ លោកក៏បានធ្វើការកត់សម្គាល់ថា កន្លងមកនៅក្នុងឃុំដីឥដ្ឋឃើញថា នៅមានកម្រិតទាបនៅទ្បើយអំពីបរិស្ថាន។ ដោយឃើញបញ្ហានោះ លោករួមទាំងអាជ្ញាធរមូលដ្ឋានបានរួមគ្នារៀបចំការងារបរិស្ថានេះទ្បើងវិញ ដែលធ្វើយ៉ាងណាឲ្យមូលដ្ឋានឃុំរបស់ យើងមានបរិស្ថានល្អ និងមានសុវត្ថិភាព សុខភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។

លោក យ៉ែម ប៊ុណ្ណា ក៏បានបញ្ជាក់ដែរថា រាល់កិច្ចការទាំងនោះ យើងក៏ទទួលបាននូវការណែនាំពីអភិបាលខេត្តអភិបាលស្រុក និងជំនាញពាក់ព័ន្ធផងដែរ។ ស្របពេលជា មួយគ្នានោះ ក្នុងនាមលោកជាមេឃុំក៏មានគំនិត និងទស្សនវិស័យដើម្បីកសាងមូលដ្ឋានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក ជាភូមិឃុំដែលមានសោភណ្ឌភាព សុវត្ថិភាព និងបរិស្ថានល្អផងដែរ។ ផ្តើមពីនោះ លោកក៏បានបង្កើតនូវគណៈកម្មការ ឬជាក្រុមការងារចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមទីប្រជុំជន វត្តអារាម ទីផ្សារ រហូតចុះផ្ទាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដើម្បីពន្យល់ណែនាំអំពីការងារបរិស្ថាន។

លោកបានថ្លែងថា ដូចដែលយើងទាំងអស់គ្នាបានដឹងហើយបញ្ហាបរិស្ថាននេះ វាពាក់ព័ន្ធជាសំខាន់ណាស់ដល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋផ្ទាល់។ ដូច្នេះហើយបានជា អាជ្ញាធរ ក្នុងមូលដ្ឋានឃុំដីឥដ្ឋបានយកចិត្តទុកដាក់ខ្ពស់លើការងារបរិស្ថាន។ ប៉ុន្តែការងារទាំងអស់នោះ យើងក៏ទទួលបានការចូលរួមពីបងប្អូនជាប្រជាការពារ យុវជន សិស្ស រួមទាំងផ្នែកពាក់ពន្ធ័ក្នុងភូមិ ឃុំ ផងដែរ។

លោក យ៉ែម ប៊ុណ្ណា បានអះអាងថា បើនិយាយពីរឿងបរិស្ថាន គឺប្រជាជនក្នុងឃុំដីឥដ្ឋស្ទើតែ ៩៩% ដែលពួកគាត់បានយល់ដឹងអំពីបញ្ហាបរិស្ថាន ហើយរិស្ថាន ដើម្បីសុខភាពនេះ។ ដូច្នេះហើយទើបបង្កលក្ខណៈងាយស្រួលដល់ក្រុមការងាររបស់យើងដែលចុះជួយលើការងារបរិស្ថាន។ លោក មេឃុំ ក៏បានឲ្យដឹងដែរថា ភូមិមួយក្នុងចំណោម ភូមិទាំង១០ នៅក្នុងឃុំដីឥដ្ឋ ហើយដែលលើកស្ទួយឲ្យឃុំរបស់យើងទទួលបានពិន្ទុះខ្ពស់ និងទទួលបានជយ័លាភីលេខ១នោះ គឺភូមិស្តៅកន្លែង២។ លោកថាពិន្ទុះដែល ភូមិស្តៅកន្លែង២ ទទួលបានខ្ពស់ជាងគេនោះ គឺផ្តើមពីសោភណ្ឌភាព បរិស្ថានអនាម័យ ការរៀបចំសណ្តាប់ធ្នាប់ជាដើម។ ចំណែកភូមិដែលមិនបានជាប់លេខល្អ មិនមែនបានសេចក្តីថា ប្រជាជនក្នុងភូមិមិនយកចិត្តទុកដាក់លើការងារបរិស្ថាននោះទេ ប៉ុន្តែពិន្ទុះដែលទទួលបានពីការវាយតម្លៃ គឺមានការខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ខណៈដែលភូមិខ្លះនៅខ្វះសុចនាករខ្លះៗ ឬខ្វះតិចតួចដែលយើងត្រូវបន្តរៀបចំដើម្បីដណ្តើមពិន្ទុះនៅពេលក្រោយៗទៀត។

ទាក់ទងនឹងការងារអភិវឌ្ឍក្នុងឃុំ លោក យ៉ែម ប៊ុណ្ណា បានបញ្ជាក់ថា ក្រោយលោកចូលកាន់តំណែងជាមេឃុំ ការងារជាអទិភាពបន្ទាបុពីជីវភាពរបស់ប្រជាពលរដ្ឋនោះ ការងារកសាងផ្លូវ និងការងាររំដោះទឹកដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការបង្កបង្កើនផល ហើយនោះក៏ជាសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។ យ៉ាងណាក៏ដោយ លោកអះអាងថា មុននឹងសម្រេចការងារនោះបានដំបូងទ្បើយលោកបានស្នើឲ្យមេភូមិទាំងអស់លើកជាផែនការអភិវឌ្ឍសម្រាប់ឃុំនីមួយៗ រួចហើយលោកបានយកផែនការ ទាំងនោះមកថ្លឹងថ្លែង ថាតើភូមិណាគួរតែទទួលបាននូវគម្រោងណា ហើយគម្រោងណាខ្លះដែលត្រូវចំណាយថវិកាជាមូលនិធិឃុំ គម្រោងណាត្រូវស្វែងរកថវិកាពីសប្បុរសជន។ល។

លោកបន្តថា តាមគម្រោងផែនការរបស់ឃុំ គឺធ្វើយ៉ាងណាអភិវឌ្ឍផ្លូវទូទាំងឃុំ មានលក្ខណៈល្អប្រសើរ ដោយក្រាលជាបេតុង ឬក៏ថ្មម៉ិចដើម្បីបង្កើនគុណភាពផង និងងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។ លោកមេឃុំក៏បានថ្លែងអះអាងដែរថា តាមផែនការនិងតាមការប្តេជាចិត្តរបស់លោកក៏ដូចជាក្រុមប្រឹក្សាឃុំ ផ្លូវទាំងអស់នៅក្នុងឃុំដីឥដ្ឋ នឹងត្រូវក្រាលជាបេតុងហើយឲ្យបានចប់សព្វគ្រប់នៅអទ្បុងឆ្នាំ ២០២៧-២០២៨ ។

បន្ថែមពីនេះ លោកមេឃុំ បានរំលេចផងដែរថា រាល់ការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ និងទទួលបានជោគជយ័ជាបន្តបន្ទាប់នេះ គឺបានដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រួមទាំងថ្នាក់ដឹកនាំខេត្ត ស្រុក និងការចូលរួមយ៉ាងសស្រាក់សស្រាំពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំដីឥដ្ឋផងដែរ។

សូមជម្រាបថា ឃុំដីឥដ្ឋមានទីតាំងតាមបណ្តោយផ្លូវជាតិលេខមួយចន្លោះគីទ្បូម៉ែត្រលេខ ២៣-២៧ និងមាន១០ភូមិ។ ឃុំដីឥដ្ឋមានព្រំប្រទល់ខាងលិចជាប់នឹងឃុំគរគី ខាងកើតជាប់នឹងឃុំបន្ទាយដែក ខាងជើងជាប់នឹងដងទន្លេមេគង្គ និងខាងត្បូងជាប់នឹងឃុំឈើទាល។ ភាគច្រើននៃប្រជាពលរដ្ឋក្នុងឃុំប្រកបមុខរបរកសិកម្ម និងអាជីវកម្មលក់ដូរ៕