(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី បានចាត់វិធានការយ៉ាងបន្ទាន់បំផុត ដើម្បីឆ្លើយតបទៅនឹងការឆ្លង រីករាលដាល នៃវីរុស Zika នៅប្រទេសសិង្ហបុរី ដោយក្នុងនោះស្ត្រីមានផ្ទៃពោះដែលមានបំណង ធ្វើដំណើរទៅ សិង្ហបុរី ត្រូវតែបង្កើតការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វមូស និង ស្ត្រីមានផ្ទៃពោះដែលត្រឡប់ពីសិង្ហបុរីវិញ ត្រូវតែទទួលការត្រួតពិនិត្យ ដោយម៉ាស៊ីនស្គែន នៅគ្របច្រកចូលទាំងអស់ ជាពិសេសព្រលានយន្តហោះ។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។

ការចាត់វិធានការជាបន្ទាន់បំផុត ពីសំណាក់រដ្ឋាភិបាលឥណ្ឌូណេស៊ីនេះ បានកើតឡើងបន្ទាប់ពីប្រទេសសិង្ហបុរី ដែលប្រភេទជិតខាងបំផុតរបស់ខ្លួនបានប្រកាសថា នៅថ្ងៃព្រហស្បតិ៍ អ្នកឆ្លងវីរុស Zika ៣១ករណីទៀត ត្រូវបានក្រុមគ្រូពេទ្យរកឃើញ ដែលជាហេតុនាំឲ្យចំនួនអ្នកឆ្លងវីរុស ដែលមានដើមកំណើតមកពីសត្វមូស និង កំពុងវាយប្រហារខ្លាំងនៅអាមេរិកឡាទីននេះ កើនឡើងដល់ ១៥១នាក់ហើយនៅប្រទេសសិង្ហបុរី ក្នុងចំណោម នោះក៏មានជនជាតិចិន និងឥណ្ឌា ជាច្រើននាក់ផងដែរ។

គួរបញ្ជាក់ថា ម៉ាស៊ីនស្គែន ត្រូវបានបំពាក់នៅតាមច្រកចូលនៅកំពង់ផែ និង ព្រលានយន្តហោះរបស់ ឥណ្ឌូណេស៊ី ដែលគេដឹងថានឹងមានអ្នកដំណើរមកពីពីប្រទេសសិង្ហបុរីទាំងអស់។ វីរុស Zika មានឥទ្ធិពល អាក្រក់ទៅលើស្ត្រីមានផ្ទៃពោះ ហើយប្រសិនបើស្ត្រីមានផ្ទៃពោះឆ្លងជំងឺប្រភេទនេះ វានឹងធ្វើឲ្យទារកកើតមក មានក្បាលតូចខុសធម្មតា ហើយផ្នែកប្រាជ្ញាស្មារតី ក៏នឹងអន់ខ្សោយទៅតាមនោះដែរ៕