(សៀមរាប)៖ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីដង្ហែពានជ័យលាភី អង្គភាពដែលផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ ពិធីនេះធ្វើឡើងនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ក្រោមវត្តមានរបស់លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ន នីរងី្ស អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត មន្តី្ររាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនចូលរួមផងដែរ។

លោកស្រី ម៉ន នីរងី្ស បានឲ្យដឹងថា ដើម្បីបន្តជម្រុញការធ្វើកំណែទម្រង់វិស័យអប់រំ លើកកម្ពស់ការសិក្សារបស់សិស្ស និងរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាវិស័យអាទិភាព ដំណាក់កាលទី១ នៃ យុទ្ធសាស្ត្របញ្ចកោណរបស់រាជ រដ្ឋាភិបាល ដើមី្បប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការទូទាំងប្រទេសកម្ពុជា នូវស្តង់ដាសាលារៀនគំរូចំនួន៥ ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សាសិស្ស ដែលរួមមានស្តង់ដា៖

ទី១-លទ្ធផលសិក្សារបស់សិស្ស ស្តង់ដា
ទី២-ការបង្រៀន និងរៀន ស្តង់ដា
ទី៣-ការចូលរួមរបស់សហគមន៍ ស្ដង់ដា
ទី៤-ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ស្តង់ដា
ទី៥-គណនេយ្យភាពរបស់សាលារៀន។ 

លោកស្រី ម៉ន នីរងី្ស បានវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈសំដៅបម្រើ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃមានចំនួន៨ស្តង់ដា៖

ទី១-ស្ដង់ដាសេវាសាធារណៈ
ទី២-ស្ដង់ដា ឬនិយាមនៃការផ្តល់សេវាសាធារណៈរបស់អង្គភាព
ទី៣-ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព
ទី៤-ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព
ទី៥-ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព
ទី៦-ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំង ការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ
ទី៧-ការដោះស្រាយបញ្ហាប្រឈមជាមួយ ប្រជាពលរដ្ឋ និងសហគមន៍
ទី៨-ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ជាលទ្ធផលនៃការប្រកួតប្រជែង និងឆ្លងការវាយតម្លៃរបស់គណៈកម្មការបច្ចេក ទេសអន្តរ ក្រសួងនៃ(គ.វ.ជ) សម្រាប់ខេត្តសៀមរាប។

ដោយឡែក ចំពោះអង្គភាពដែលទទួលបានជ័យលាភីចំនួន៤អង្គភាព រួមមាន៖១-អនុវិទ្យាល័យមិត្ត ភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា (ចំណាត់ថ្នាក់លេខ២ ), ២-មណ្ឌលសុខភាព គោកចក (ចំណាត់ថ្នាក់លេខ២), ៣-សាលាបឋមសិក្សា វត្តបូព៌ (ចំណាត់ថ្នាក់លេខ៣ ) និងទី៤ សាលាបឋមសិក្សាក្រវ៉ាន់ (ចំណាត់ថ្នាក់លេខ៦)។

លោកជំទាវ ម៉ន នីរងី្ស បានចាត់ទុកព្រឹត្តិការណ៍នេះប្រកបដោយអត្ថន័យជ្រាលជ្រៅ និងមានកិត្តិយសដ៏ថ្លៃថ្លា ដែលរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានអំណរសាទរក្រៃលែង ដែលបានរៀបចំពិធីអបអរសាទរពិធីដង្ហជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣។ 

លោកស្រីបន្តថា ការទទួលស្គាល់ជ័យលាភីរបស់ អង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កន្លងទៅថ្មីៗនេះ នៅសាលមហោស្រពមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកស្រីបានបន្តថា ការបង្កើនភាពទុកចិត្តចំពោះសុខភាពរបស់សិស្ស តាមរយៈការអនុវត្តកម្មវីធីអាហាររូបត្ថម្ភដល់កុមារ និងការពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ហើយការជម្រុញលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល សហគមន៍ និងការចូលរួមការអប់រំសិស្ស។ ដើម្បីបន្តជម្រុញលើកំណែទម្រង់លើកកម្ពស់លើការសិក្សារួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអទិភាពដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការយកចិត្តទុកដាក់ និងជម្រុញបន្ថែមចលនានៃការប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៤បន្តទៀត។

លោកស្រីបញ្ជាក់ថា ការមានបញ្ហាថ្នាំងថ្នាក់ក្នុងការបម្រើសេវាពីប្រជាពលរដ្ឋ ត្រូវដោះស្រាយដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ពន្យល់ហេតុផល និងអាចទទួលយកបាន គឺត្រូវមានគំនិតផ្តួចផ្តើមថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឲ្យអង្គភាពមានដំណើរកាន់តែល្អប្រសើរផហដែរ៕