(ភ្នំពេញ)៖ កម្ពុជា និងរដ្ឋលិចតិនស្តាញ (Liechtenstein) ក្នុងតំបន់អឺរ៉ុប បានឯកភាពគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ នៅកម្ពុជាដែលមានស្រាប់ និងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការថ្មី ដើម្បីជំរុញឱ្យកម្លាំងពលកម្មកម្ពុជាមានផលិតភាពការងារខ្ពស់ និងទាក់ទាញវិនិយោគបន្ថែម។
ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ឌូមីនិក ហាស្លឺ (Dominique Hasler) រដ្ឋមន្ត្រីក្រសួងការបរទេស អប់រំ និងកីឡា នៃប្រទេសលិចតិនស្តាញ ដែលធ្វើឡើងនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលលិចតិនស្តាញ (Liechtenstein) ដែលបានជួយពង្រឹងបន្ថែមនូវគុណវុឌ្ឍិ នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជាស្របទៅនឹងគោលនយោបាយថ្នាក់ជាតិ ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញជាក់លាក់ និងអាចបង្កើនផលិតភាព ការងារ និងមានប្រៀបប្រកួតប្រជែងក្នុងការទាក់ទាញវិនិយោគិនដែលកំពុងសម្លឹងរកការវិនិយោគមកកាន់តំបន់អាស៊ាន។
មួយវិញទៀត លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តម្រូវការដែលកម្ពុជាចង់បានបន្ថែមនោះ គឺការពង្រឹងគុណវុឌ្ឍិ និងស្តង់ដានៃការបណ្តុះបណ្តាលឱ្យមានបទដ្ឋានអន្តរជាតិ ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងប្រកួតប្រជែង។
ទន្ទឹមនឹងនេះ លោកស្រីរដ្ឋមន្ត្រី ឌូមីនិក ហាស្លឺ បានសាទរចំពោះផែនការនៃការបណ្តុះបណ្តាលជំនាញរបស់កម្ពុជាដោយគូសបញ្ជាក់ថា ជំនាញបច្ចេកទេសដើរតួនាទីសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ។
លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពពិនិត្យមើលលទ្ធភាពចំពោះកិច្ចសហប្រតិបត្តិការថ្មីក្នុងការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែសម្បូរបែប និងបត់បែនសម្រាប់ពលរដ្ឋឱ្យស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីឱ្យពលរដ្ឋកម្ពុជាមានលទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងសង្វាក់ផលិតកម្មដែលជាឈ្នាន់ក្នុងការថែរក្សាវិនិយោគដែលមានស្រាប់ និងទាក់ទាញវិនិយោគថ្មីៗបន្ថែម៕