(ព្រះសីហនុ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលអំពីនិន្នាការ និងតម្រូវការទេសចរណ៍មូស្លីម ក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍

តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ។ 

នាឱកាសនោះ លោក ហោ សារុន បានឱ្យដឹងថា កម្ពុជា រង់ចាំទទួលនិងធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំងអស់មកពីជុំវិញពិភពលោក ដូចពាក្យស្លោកមួយថា “កម្ពុជាស្វាគមន៍គ្រប់ភ្ញៀវទេសចរទាំងអស់”។ ក្នុងន័យនេះ ក្រសួងទេសចរណ៍តែងតែយកចិត្តទុកដាក់ស្វែងយល់ និងបំពេញតម្រូវការផ្សេងៗគ្នាតាមប្រភពទីផ្សារទេសចរណ៍នីមួយៗ ដែលក្នុងនោះ ទេសចរណ៍មូស្លីមក៏ជាប្រភពទីផ្សារ និងជាភ្ញៀវទេសចរ ដែលក្រសួងទេសចរណ៍តែងតែគិតគូរផងដែរ។

“វគ្គបណ្តុះបណ្តាលអំពីនិន្នាការ និងតម្រូវការទេសចរណ៍មូស្លីម” ដែលប្រារព្ធធ្វើឡើងនៅពេលនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀត ដែលក្រសួងទេសចរណ៍យកចិត្តទុកដាក់ក្នុងការបំពេញតម្រូវការ និងបង្កើនភាពទាក់ទាញនៅក្នុងចំណោមទីផ្សារទេសចរណ៍មូស្លីម ដើម្បីឆ្លើយតបទៅនឹងនិន្នាការ ក៏ដូចជាទំហំទីផ្សារទេសចរណ៍មូស្លីមដែលមានការកើនឡើងជាបន្តបន្ទាប់។

តាមរយៈវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ បណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុនឹងទទួលបានចំណេះដឹងបន្ថែមទៀតក្នុងការរៀបចំទទួលបដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ បង្កើនភាពទាក់ទាញ ធានាបានភាពពេញចិត្តមួយកម្រិតទៀតជូនដល់ភ្ញៀវទេសចរមូស្លីម។

វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីប្រកបដោយសមត្ថភាព និងភាពស្វាហាប់ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលនៅក្នុងនោះ វិស័យទេសចរណ៍នៅតែជាវិស័យអាទិភាពមួយដែលបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងកោណទី២ មុំទី១ ចំណុចទី៥ នៃការបន្តលើកកម្ពស់នៃវិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញនៃការអភិវឌ្ឍទេសចរណ៍វប្បធម៌ ធម្មជាតិ ដោយបន្ថែមទេសចរណ៍ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច លើកកម្ពស់ការអនុវត្ត និងការដាក់ចេញគោលនយោបាយ និងផែនការមេនៃការអភិវឌ្ឍទេសចរណ៍។

ជាមួយការប្រសិទ្ធនាមជា «មាសបៃតង» វិស័យទេសចរណ៍បានរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលធានាបាននូវការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជំរុញការនាំចេញនៅនឹងកន្លែង ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ ជាពិសេសចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញផែនការយុទ្ធសាស្ត្រចំនួន៥ និងការងារអាទិភាពចំនួន៣ (បង្កើន៥ អភិវឌ្ឍន៍៣) ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ធានាបានចីរភាព និងប្រកបដោយបរិយាបន្ន។ ផែនការយុទ្ធសាស្ត្រទាំង៥ (បង្កើន៥) រួមមាន៖ ១)បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជាដើម្បីឲ្យទេសចរកាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែស្គាល់កម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ។ ២)បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពទាក់ទាញទេសចរណ៍កម្ពុជា ធ្វើឲ្យទេសចរ និងពិភពលោកទាំងមូលចាប់អារម្មណ៍មកទស្សនាកម្ពុជា។ ៣)បង្កើនប្រសិទ្ធភាពគ្រប់គ្រង និងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធនឹងការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់។ ៤)បង្កើនប្រសិទ្ធភាពអភិវឌ្ឍន៍ផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ។ ៥)បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ត្រទាំង៥នេះ ការងារអាទិភាពចំនួន៣ (អភិវឌ្ឍន៍៣) ត្រូវបានដាក់ចេញអនុវត្ត រួមមាន៖ ១)អភិវឌ្ឍរចនាសម្ព័ន្ធស្ថាប័ន និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ និងពង្រឹងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍។ ២}អភិវឌ្ឍបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍។ ៣)អភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិកា គុណធម៌ និងសីលធម៌។

ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ម្លប់នៃសន្តិភាព ស្ថិរភាព និងភាពសុខដុមនីយកម្មសាសនា បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសមិទ្ធផលនាពេលបច្ចុប្បន្ននេះ និងទទួលបានការកោតសរសើរ វាយតម្លៃខ្ពស់ពីបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសបណ្តាប្រទេសឥស្លាម។ ក្នុងនោះដែរ កម្ពុជាក៏មានបេសកជនពិសេសតំណាងរបស់ប្រទេសខ្លួននៅអង្គការសហប្រតិបត្តិការឥស្លាម (OIC) ផងដែរ។
ដោយឡែក ចំពោះនិន្នាការនៃការធ្វើដំណើររបស់ភ្ញៀវទេសចរមូស្លីម យោងតាមទិន្នន័យរបស់ទីភ្នាក់ងារ Mastercard-Crescent Rating Global Muslim Travel Index បានបង្ហាញថា ភ្ញៀវទេសចរមូស្លីមអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមុនវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ មានចំនួន១៦០លាននាក់ និងក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិបត្តិកូវីដ-១៩ នេះឃើញថា៖ ក្នុងឆ្នាំ២០២៣ មានចំនួន ១៤០លាននាក់
និងតាមការព្យាករណ៍នឹងកើនឡើង ២៣០លាន នៅឆ្នាំ២០២៦។

ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនាពេលកន្លងទៅថ្មីៗនេះ និងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ គឺជាចំណុចតភ្ជាប់រវាងកម្ពុជា និងពិភពលោក ដែលអាចស្រូបទាញយកភ្ញៀវទេសចរមកពីបណ្តាប្រទេសឆ្ងាយៗ និងបង្កើនភ្ញៀវទេសចរនៅក្នុងតំបន់ ដែលរួមបញ្ចូលទាំងភ្ញៀវទេសចរមកពីបណ្តាប្រទេសឥស្លាមផងដែរ។

នៅក្នុងឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់គិតគូរលើកស្ទួយវិស័យទេសចរណ៍ ជាក់ស្តែង ភាគីកម្ពុជា-ចិនបានឯកភាពគ្នាដាក់ចេញ ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ក្នុងបំណងជំរុញភ្ញៀវទេសចរចិនដែលជាប្រភពទីផ្សារនាំមុខមួយឲ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើង។ ពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ផងដែរ ក្នុងគោលបំណងជំរុញកំណើនគោលដៅទេសចរណ៍ខេត្តសៀមរាប និងវិធានការផ្សេងទៀតជាច្រើនទៀត ដើម្បីជួយដល់វិស័យឯកជនក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះ ឆ្នាំ២០២៤ ក៏ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការកម្ពុជាឥណ្ឌាផងដែរ ដែលនឹងមានការជំរុញឲ្យមានជើងហោះហើរត្រង់ និងការវិនិយោគពីប្រទេសឥណ្ឌា៕