(ស្វីស)៖ លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាអូតាវ៉ា ដើម្បីពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត និងវិធានការអនុវត្តក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដោយផ្តោតលើការសម្រេចបានតំបន់ប៉ាស៊ីហ្វិកគ្មានមីន ការចូលជាសមាជិកនៃរដ្ឋគោលដៅ និងជំហានឆ្ពោះទៅរកការចូលជាសមាជិកនៃរដ្ឋដែលបានកំណត់ផ្សេងទៀត។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក និងអង្គការអន្តរជាតិរួមមាន ប្រទេសកម្ពុជា អូស្រ្តាលី បែលហ្សិក ចក្រភពអង់គ្លេស កាណាដា ស្វីស ជប៉ុន ស៊ុយអែត ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC។

ក្នុងកិច្ចប្រជុំនោះលោកបណ្ឌិត លី ធុជ បានលើកឡើងអំពីភាពជាប្រធាននៃអនុសញ្ញាឆ្នាំ២០២៤របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញនូវគោលដៅ យន្តការ និងផែនការក្នុងសកម្មភាពសកលភាវូបនីយកម្ម ការបញ្ចុះបញ្ចូល និងការកៀរគរបណ្តាប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមផ្តល់សច្ចាប័ន/យល់ព្រមចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ សកម្មភាពសកលភាវូបនីយកម្ម អាចត្រូវបានធ្វើឡើងតាមរយៈទំនាក់ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាកោះប៉ាស៊ីហ្វិក កិច្ចប្រជុំពាក់ព័ន្ធ និងការស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីប្រទេសជាមិត្តជាដើម។

អង្គប្រជុំបានសម្តែងនូវការអបអរសាទរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា។ អង្គប្រជុំបានជំរុញបន្ថែមរៀបចំឱ្យមានជាទស្សនៈទាន និងព័ត៌មានចាំបាច់មួយចំនួន ដើម្បីធ្វើការផ្សព្វផ្សាយតាមបណ្ដាកិច្ចប្រជុំ សន្និសីទ និងព្រឹត្តិការណ៍ផ្សេងៗ ព្រមទាំងត្រូវប្រមូលព័ត៌មានអំពីជំហរ លក្ខខណ្ឌនានា និងស្ថាប័នសម្រេចចិត្តនៃប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឱ្យបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។

សូមបញ្ជាក់ថា ប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាមានចំនួន៣៣ ហើយកាលពីកិច្ចប្រជុំក្នុងខែមករា ឆ្នាំ២០២៤កន្លងទៅ អង្គប្រជុំបានដាក់ចេញ និងកំណត់គោលដៅប្រទេសទមួយចំនួនដែលត្រូវធ្វើសកម្មភាពសកលភាវូបនីយកម្មរួមមាន បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី៕