(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសជនជាតិចិនម្នាក់ ដាក់ពន្ធនាគារកំណត់ ២៨ (ម្ភៃប្រាំបី)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០ ០០០ ០០០រៀល ព្រមទាំងប្រកាសទោសបន្ថែមដោយហាមឃាត់ ចំពោះការចូល និងការស្នាក់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ ពីបទដឹកជញ្ចូនដោយខុសច្បាប់នូវសារធាតុញៀន។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដូចនេះថា ក្រុមប្រឹក្សាជនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះជាបន្តបន្ទាប់លើសំណុំរឿង ព្រហ្មទណ្ឌលេខ ៨១៣០ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជា សាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៩៧ «ម» ក្រ៤ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទដូចខាងក្រោម៖
១៖ ឈ្មោះ CHANG WEN CHUNG ហៅ ខៀវ ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ ២៨ (ម្ភៃប្រាំបី)ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០ ០០០ ០០០ (ហុកសិបលាន) រៀល ព្រមទាំងប្រកាសទោសបន្ថែម លើជនជាប់ចោទ CHANG WEN CHUNG ហៅ ខៀវ ដោយហាមឃាត់ ចំពោះការចូល និងការស្នាក់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ ពីបទ ដឹកជញ្ចូនដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត ៥៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅ វិថីព្រះអង្គឌួង កែងផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
២៖ ឱ្យរួចខ្លួនលើឈ្មោះ ស៊ុំ សុធា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវ សារធាតុញៀន តាមបញ្ញត្តិមាត ៤០ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅ វិថីព្រះអង្គឌួង កែងផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាស ឱ្យឈ្មោះ សុធា បានរួចខ្លួនពីការចោទប្រកាន់នេះ ដោយពុំមានភស្តុតាងបញ្ជាក់ថាឈ្មោះនេះ បានដឹងក្នុងការ ដឹកជញ្ជូនគ្រឿងញៀននោះទេ។ ផ្ទុយទៅវិញឈ្មោះ ស៊ុំ សុធា គ្រាន់ជាបុគ្គលិកអនាម័យផ្ទះសំណាក់មីងតុងតែប៉ុណ្ណោះ ហើយត្រូវបានឧក្រិដ្ឋជនគ្រឿងញៀនប្រើឈ្មោះ ស៊ុំ សុធា ជាអ្នកដឹកជញ្ជូនគ្រឿងញៀនយកទៅផ្ញើតាមប្រៃសណីយ៍ ដោយគ្រាន់តែទទួលបានប្រាក់ឈ្នួលប៉ុណ្ណោះ៕