(ភ្នំពេញ)៖ លោក ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា (គ.ស.ម.ក.) តំណាងទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Martina Stamm-Fibich និងគណៈប្រតិភូនៃគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់។

កិច្ចជំនួបនេះរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរនិងសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ គ.ស.ម.ក. និងគណៈកម្មាធិការសម្របសម្រួលញត្តិ។

លោក ប៉ា ប៉ុណ្ណារ៉ាដា បានសម្តែងការស្វាគមន៍ចំពោះ លោកស្រីប្រធានគណៈប្រតិភូ និងគណៈប្រតិភូដោយបានគូសបញ្ជាក់ពីតួនាទីសំខាន់ៗ របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដូចជា៖ ការទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស ដោយផ្ទាល់នៅ គ.ស.ម.ក. និងតាមរយៈ App CHRC ការដាក់ប្រអប់ពាក្យបណ្ដឹងនៅតាមកន្លែងឃុំឃាំង ការចុះស៊ើបអង្កេតនិងដោះស្រាយពាក្យបណ្ដឹង ការផ្តល់ប្រឹក្សា និងការពារពីក្រុមមេធាវីរបស់ គ.ស.ម.ក. និងការចុះផ្សព្វផ្សាយអប់រំអំពីសិទ្ធិមនុស្សដល់សិស្សានុសិស្ស គរុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមឃុំសង្កាត់ទូទាំងប្រទេស។

លើសពីនេះ លោកក៏បានលើកឡើងពីការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជា៖ ពន្ធនាគារ មណ្ឌលអប់រំកែប្រែ និង មណ្ឌលស្តារនីតិសម្បទា និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ បន្ថែមពីនេះលោកបានលើកឡើងពីតួនាទីសំខាន់មួយទៀតរបស់ គ.ស.ម.ក. គឺការរៀបចំសរសេររបាយការណ៍សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ។

ទន្ទឹមនេះ លោក ប៉ា ប៉ុណ្ណារ៉ាដា បានលើកឡើងពីសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែល ផ្អែកលើគោលការណ៏ទីក្រុងប៉ារីស និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងបានសហការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន៣២លើក ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ហើយបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និងបានជួបពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនៃជំនួបនេះផងដែរ លោកស្រី Martina Stamm-Fibich បានថ្លែងអំណរគុណចំពោះលោក ប៉ា ប៉ុណ្ណារ៉ាដា ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបានកោតសរសើរពីកិច្ចខិតខំរបស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

ទន្ទឹមនេះ លោកស្រីក៏បានបង្ហាញពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការសម្របស្រួលញ្ញត្តិ ដែលផ្តោតលើការទទួលញ្ញត្តិពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ ដូចជា វិស័យសេដ្ឋកិច្ច សុខាភិបាល អប់រំ និងការងារ។ល។ ព្រមទាំងនីតិវិធីក្នុងការដោះស្រាយញ្ញត្តិទាំងនោះ៕