(ភ្នំពេញ)៖ «វេទិកាក្រុមហ៊ុនចុះបញ្ជី» លើកទី១ ប្រចាំឆ្នាំ២០២៤ ប្រារព្ធឡើងនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រៀបចំដោយផ្សារមូលបត្រកម្ពុជា។

វេទិកានេះ អញ្ជើញជាអធិបតីភាពរបស់ លោក ហុង សុហូរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា លោក UEMATSU Hiroshi នាយកប្រត្តិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៉ីហ្សិត ម.ក (ភីភីអេសភី) ជាមួយការចូលរួមពីវាគ្មិនរបស់ភីភីអេសភី លោក Fong Nee Wai នាយកហិរញ្ញវត្ថុ តំណាងពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រប ស៊ីឃ្យូរីធី ម.ក និងអ្នកចូលរួមផ្សេងៗពីស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគិនឯកជន និងសាធារណៈជនផងដែរ ដែលបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការរីកចម្រើន របស់ ក្រុមហ៊ុន។

វេទិកានេះ បានចូលរួមក្នុងដំណើរទស្សនកិច្ចនៅនឹងកន្លែង ដើម្បីបង្ហាញប្រតិបត្តិការ របស់ក្រុមហ៊ុនផ្សេងៗនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស អនុញ្ញាតឲ្យវិនិយោគិនសង្កេតមើលការអនុវត្ត ប្រតិបត្តិការអាជីវកម្ម និងសកម្មភាពផ្សេងៗទៀតដោយផ្ទាល់ ដើម្បីស្វែងយល់ពីសក្តានុពលដ៏ធំធេងរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រប ភ្នំពេញ អេសអ៊ីហ្សិត ម.ក។ ភីភីអេសភី ត្រូវបានផ្តល់ កិត្តិយស ក្នុងការបង្ហាញនូវសមិទ្ធិផលរបស់យើង និងចែករំលែកចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់ពេលអនាគត។

លោក UEMATSU Hiroshi នាយកប្រត្តិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៉ីហ្សិត បានបញ្ជាក់យ៉ាងលម្អិតថា ក្រុមហ៊ុនយើង មានចក្ខុវិស័យធំៗ ចំនួន២ គឺ ៖ «ទីមួយ យើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីទាក់ទាញ ឧស្សាហកម្មធំៗមកកម្ពុជា។ កម្ពុជា ត្រូវតែធ្វើឲ្យឧស្សាហកម្មរបស់ខ្លួនប្រសើរឡើង។ «ទីពីរ យើងនឹងផ្លាស់ប្តូរតំបន់របស់យើងទៅជា «តំបន់បៃតង» ដោយការ ណែនាំលើការបំពាក់ដំបូលសូឡា ប្រព័ន្ធគ្រប់គ្រងសំណល់ ដែលមានប្រសិទ្ធភាព អាជីវកម្មកែច្នៃឡើងវិញ និងអាងប្រព្រឹត្តិកម្មទឹកកង្វក់ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើង»

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានដើរតួនាទីយ៉ាងល្អក្នុងការទាញយកឱកាសទាំងនេះ និងជំរុញការ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេស។ វេទិកាក្រុមហ៊ុនចុះបញ្ជី បានទទួលស្គាល់ពីសក្តានុពលរបស់ក្រុមហ៊ុនក្នុងការក្លាយជា តួអង្គសំខាន់នៅក្នុងតំបន់ ហើយក៏ចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕