(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៤នេះ ក្រសួងនឹងរៀបចំប្រព័ន្ធមួយ ដោយជ្រើសរើសកសិករទូទាំង២៥០ឃុំ ផលិតស្រូវប្រភេទផ្ការំដួល និងសែនក្រអូប ដើម្បីផ្សារភ្ជាប់ជាមួយការនាំចេញ ដែលឆ្លើយតបទៅនឹងគោលដៅនៃចេញអង្ករឱ្យបាន១លានតោន។
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងក្នុងកិច្ចប្រជុំកំពូលលើកទី០៤ ស្តីពីកសិកម្មប្រកបដោយនិរន្តរភាព ក្រោមប្រធានបទ «ការអនុវត្តកសិកម្មកកើតឡើងវិញឆ្ពោះទៅធ្វើឱ្យកសិកម្មបញ្ចេញកាបូនទាប» នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា ចុងឆ្នាំ២០២៤នេះ ក្រសួងប្តេជ្ញាធ្វើយ៉ាងណាជ្រើសកសិករឱ្យបាន១ម៉ឺនគ្រួសារ លើផ្ទៃដីចំនួន១ម៉ឺន៥ពាន់ហិកតា នៅក្នុង២៥០ឃុំ។ បន្ទាប់ពីដាក់ពង្រាយមន្រ្តីកសិកម្មនៅតាមគ្រប់ឃុំទាំង ២៥០ឃុំ មន្រ្តីកសិកម្មឃុំ នឹងជ្រើសរើសកសិករ ចូលរួមក្នុងប្រព័ន្ធនេះ ដើម្បីផ្សារភ្ជាប់ការទីផ្សារ និងការផលិត។
លោកបន្ថែមថា ក្រសួងកសិកម្មរីករាយក្នុងការសហការគ្នា និងបង្កើតជាប្រព័ន្ធមួយ ដែលក្រសួងកសិកម្ម បាននឹងកំពុងធ្វើដឹកនាំ សម្របសម្រួលប្រព័ន្ធនេះ។
លោកបានពន្យល់បន្ថែមថា សហគមន៍អ្នកផលិតស្រូវផ្ការំដួល និងសែនក្រអូប នឹងទទួលបានកិច្ចសន្យាផលិតកម្មកសិកម្មជាមួយនឹងរោងម៉ាស៊ីនដែលជាសមាជិកសហព័ន្ធស្រូវអង្ករ ដែលសហការក្នុងការប្រមូលទិញស្រូវអង្ករប្រភេទផ្ការំដួល និងសែនក្រអូប ហើយពួកគេក៏នឹងទទួលបានបាននូវឥណទានពិសេស ដើម្បីទិញស្រូវរំដួល និងសែនក្រអូបឱ្យទាន់ពេលវេលាក្នុងតម្លៃមួយសមរម្យ ដែលលើកទឹកចិត្តឱ្យកសិករបន្តផលិតកម្មស្រូវនេះ។
លោកពន្យល់បន្តថា «អង្ករដែលយើងនាំចេញភាគច្រើនប្រមាណ៨០% គឺប្រភេទអង្ករប្រណិត ដូចជាផ្ការំដូលនឹងសែនក្រអូប។ អ៊ឺចឹងដើម្បីឱ្យគោលដៅមួយលានតោនយើងទទួលបានជោគជ័យដូចគោលដៅរបស់សហព័ន្ធស្រូវអង្ករ គឺយើងធ្វើម៉េចនៅឆ្នាំ២០២៥ហ្នឹងផលិតត្រូវផ្ការំដួល សែនក្រអូបឱ្យបានគ្រប់គ្រាន់។ ចាប់ពីឆ្នាំ២០២៤នេះយើងនឹងផលិតពូជឱ្យបានគ្រប់គ្រាន់សម្រាប់ទុកប្រើប្រាស់នៅឆ្នាំ២០២៥ អ៊ឺចឹងហើយការដែលយើងមានមន្រ្តីកសិកម្មឃុំធ្វើការនៅគ្រប់ឃុំនឹងជួយការងារនេះ គាត់ជួយជ្រើសរើសកសិករដើម្បីផលិតផ្សារភ្ជាប់ជាមួយទីផ្សារ។..ពូជផ្ការំដួលយើងមានជាង៥០០តោន អ៊ឺចឹងឆ្នាំក្រោយយើងផលិតបាន២ម៉ឺនទៅ៣ម៉ឺនតោនយើងនឹងគ្រប់គ្រាន់នៅឆ្នាំ២០២៥ យ៉ាងយូរបំផុតនៅឆ្នាំ២០២៦»។
លោកបន្ថែមថា កន្លងមកយើងហាក់ជួបការលំបាកមួយចំនួន ក្នុងការកសាងពូជសុទ្ធក្នុងផលិតកម្ម។ តែយ៉ាងណា លោកនឹងជំរុញកិច្ចការនេះឱ្យបានជោគជ័យ ជាពិសេសរៀបចំនូវប្រព័ន្ធផ្តល់ពូជសុទ្ធឱ្យបានយ៉ាងយូរបំផុតត្រឹមឆ្នាំ២០២៦ ដើម្បីឱ្យកសិករដែលផលិតស្រូវផ្ការំដួល និងសែនក្រអូបសម្រាប់នាំចេញទទួលបានពូជសុទ្ធប្រើគ្រប់គ្នា។ ការណ៍នេះនឹងជំរុញឱ្យរោងម៉ាស៊ីនកិនអង្ករនាំចេញ ទទួលបានស្រូវដែលសុទ្ធ ដែលធ្វើឱ្យការកែច្នៃសម្រាប់ការនាំចេញទទួលបានប្រាក់ចំណេញខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ ។
លោកបានឱ្យដឹងទៀតថា ក្នុងការរៀបចំប្រព័ន្ធនេះមន្រ្តីកសិកម្មឃុំដែលបានចុះទៅបំពេញការងារនៅតាមបណ្តាឃុំទាំងអស់ នឹងធ្វើការកត់ត្រាពីចំនួនកសិករ ចំនួនផ្ទៃដី ការប្រើប្រាស់ពូជ ធាតុចូលកសិកម្មដែលអនុញ្ញាត និងមិនអនុញាតឱ្យប្រើប្រាស់ ដើម្បីផ្តល់នូវតម្លាភាព គណនេយ្យភាព ងាយស្រួលដល់រោងម៉ាស៊ីនទិញសម្រាប់ការកែច្នៃនាំចេញ។
លោកទឹកចិត្តដល់ធនាគារ និងវិស័យឯកជនដែលចាប់អារម្មណ៍ចូលរួមក្នុងប្រព័ន្ធនេះ ដើម្បីផ្តល់ឥណទានឱ្យកសិករ សម្រាប់ទិញពូជ ជី យកមកប្រើប្រាស់ក្នុងផលិតកម្ម និងក្រុមហ៊ុនធនារ៉ាប់រងផ្តល់ការធានារ៉ាប់រងដល់កសិករ ដើម្បីធានានូវនិរន្តភាព។
បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ នៅក្នុងជំរឿនកសិកម្មឆ្នាំ២០២០-២០២១ គ្រួសារកសិករនៅទូទាំងប្រទេសមានជាង២លានគ្រួសារ។កសិករធ្វើស្រែមាន១លាន៦សែនគ្រួសារ ហើយក្នុងចំណោមគ្រួសារដែលធ្វើស្រែ មានអ្នកធ្វើស្រូវក្រអូបជាង ២សែនគ្រួសារ។ ចំពោះកសិករធ្វើស្រែទាំងអស់មាន៦០%ដែលធ្វើស្រែលក់ផង និងហូបផង និង៤០%សំរាប់ហូប។ ដូច្នេះកសិករដែលផលិតស្រូវសម្រាប់លក់នៅទូទាំងប្រទេសមានប្រមាណ៥០ម៉ឺនគ្រួសារ៕