(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិ ភាគទី៥ បានអះអាងថា យើងទាំងអស់គ្នាត្រូវដាំកូនឈើរហូត មិនចាំបាច់រង់ចាំតែ ទិវាជាតិដាំកូនឈើ ៩កក្កដា រៀងរាល់ឆ្នាំនោះទេ។ យើងដាំនេះ គឺដើម្បីទប់ស្កាត់បម្រែបម្រួល អាកាសធាតុនៅកម្ពុជាក៏ដូចជា នៅលើពិភពលោកដែលគេកំពុង ព្រួយបារម្មណ៍និង មានវិធានទាំងអស់គ្នា។
ការលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២ ខែ កញ្ញាឆ្នាំ ២០១៦ នៅក្នុងពិធីដាំកូនឈើ ក្នុងបរិវេណទីបញ្ជាការយោធភូមិភាគទី៥ ចំនួន ៣០០ដើម ដោយមានការចូលរួមពី មេបញ្ញាការរងយោធភូមិភាគ លោក លី ជូបៀង នាយខណ្ឌរដ្ឋបាលព្រៃឈើ បាត់ដំបង និងនាយ នាយរង ពលទាហានជាង ៣០០នាក់ ផងដែរ។
លោក លី ជូបៀង នាយខណ្ឌរដ្ឋបាលព្រៃឈើ បាត់ដំបងបានថ្លែង យើងដាំកូនឈើគ្រប់ទីកន្លែង កន្លងមក ដោយបានសហការ ជាមួយស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ រហូតមក ដើម្បីជួយទប់ស្កាត់នូវ គ្រោះធម្មជាតិផ្សេងៗ និងបម្រែបម្រួលអាកាសធាតុ លើពិភពលោក ពិសេសនៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានឲ្យដឹងថា ក្នុងឱកាសដាំកូនឈើនោះថា ថ្វីត្បិតតែកម្ពុជាយើងបាន កំណត់យកថ្ងៃទី៩កក្កដា ជារៀងរាល់ឆ្នាំជាទិវាជាតិដាំកូនឈើក៏ពិតមែន តែថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋយើង បាននាំគ្នាដាំកូនឈើរហូត នៅតាមទីសាធារណៈ ឬ នៅតាមស្ថាប័នរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួល អាកាស់ធាតុនៅលើ ពិភពលោក ពិសេសនៅកម្ពុជា ព្រោះការប្រែប្រួលនេះបានធ្វើឲ្យ យើងជួបប្រទនូវគ្រោះធម្មជាតិផ្សេងៗ ជាច្រើនដូចជា ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ រាំងស្ងួត ទឹកជំនន់ ។ល។
លោកមេបញ្ជាការបាន បញ្ជាក់ទៀតថា យោភូមិភាគទី៥បានចូលរួមដាំដើមឈើ បានជាច្រើនកន្លែងមកហើយកន្លងមក តែថ្ងៃនេះយោធភូមិភាគទី៥ បានសហការជាមួយ ខណ្ឌរដ្ឋបាលព្រៃឈើ បាត់ដំបង បានធ្វើពិធីដាំកូនឈើ ចំនួន ៣០០ដើម នៅក្នុងបរិវេណទីបញ្ជាការយោធាភូមិភាគទី៥ បន្ថែមទៀតសរុបទាំងអស់ បាន ៨០០ដើមមកហើយ នេះជាការចូលរួមកិច្ចការសង្គមមួយ ក្រៅពីកិច្ចការការពារជាតិ របស់ខ្លួនដែរ។
លោក ប៊ុន សេង បានបន្តថា ដើមឈើគឺជាជីវចម្រុះរបស់ធម្មជាតិ ដែលមានប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រវាងមនុស្សនិងសត្វបានរស់នៅលើ ភពផែនដីបានល្អប្រសើ និងបានជួយស្រូប យកជាតិពុលពីផែនដី ដែលនៅសេសសល់ នៅជិតមនុស្សរស់នៅប្រចាំថ្ងៃ បើមនុស្សយើងធ្វើបាបធម្មជាតិ នោះធម្មជាតិក៏ធ្វើបាបយើងវិញដែរ ដើម្បីឆ្លើយតបនិងទប់ស្កាត់ ការប្រែប្រួលអាកាសធាតុនេះ កម្ពុជាយើង ក៏ដូចជាថ្នាក់តំបន់និងពិភពលោក កំពុងតែយកចិត្តទុកដាក់បំផុត លើបញ្ហានេះ។ ម្យ៉ាងវិញទៀតយើងបានដាំដើមឈើថ្ងៃនេះ គឺបានទុកកេរ្តិ៍ដំណែលមួយសម្រាប់ មនុស្សជំនាន់ក្រោយ បានថែទាំបន្តទុក ជាអនុស្សាវរីយ៍ផង៕