(ភ្នំពេញ)៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការ និងសម្រេចលើពាក្យបណ្តឹងចំនួន៤៩ និងក្នុងនេះក៏មានមន្រ្តីចំនួន ២៨៨នាក់ បានប្រកាសទ្រព្យសម្បត្តិ។
នេះបើតាមការបញ្ជាក់ពីលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាឱកាសដែលក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំ លើកទី៣២ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣១ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអ្នកនាំពាក្យ ACU បានឱ្យដឹងយ៉ាងដូច្នេះថា «មន្ត្រីចំនួន២៨៨នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ១៥១នាក់ និងមន្ត្រី ១៣៧នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល»។
ទាក់ទិនទៅនឹងពាក្យប្តឹងវិញត្រូវបានមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យដឹងថា ក្នុងខែកុម្ភៈនេះ អង្គភាពរបស់លោកបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៤៩ពាក្យប្ដឹង។
ចំពោះកិច្ចការងារផ្សេងៗទៀត លោកសយ ច័ន្ទវិចិត្រ បានបន្តថា ក្នុងនេះដូចជាការងារបង្ការ ទប់ស្កាត់អំពើពុករលួយអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ការប្រឡង ចំនួន២លើករួមមាន៖
*ការប្រឡងជ្រើសរើសគ្រូបង្រៀនអប់រំកាយ និងកីឡាជំនាន់ទី៣១ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចំនួន១០០នាក់ *ការប្រឡងថ្នាក់ជាតិជ្រើសរើសសិស្ស-និស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ចំនួន ៣,៨៩៥នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡង ចំនួន៩,៧៧៤នាក់។
អង្គភាពប្រឆាំងអំពើពុករលួយ សង្កេតឃើញថាដំណើរការប្រឡងទាំងពីរលើកនេះ ចាប់តាំងពីការរៀបចំនីតិវិធីប្រឡង ដំណើរការប្រឡង ដំណើរការកំណែ ការស្រង់-បូកពិន្ទុ និងការប្រកាសលទ្ធផលស្ថាពរប្រព្រឹត្តទៅ ដោយរលូន នៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការប្រឡង។
ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយក៏ បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៤៥ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន១៣អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែង មួយចំនួនទៀត តាមសំណើ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត៕