(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជា ស្រ្តីលើកដំបូង ដែលរដ្ឋសភានៃសាធារណរដ្ឋបារាំងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តីនៅទូទាំងពិភពលោកចំនួន២៥រូប ក្នុងគោលបំណងដើម្បីជំរុញបន្ថែមនូវការទូតសភាបុរេសកម្ម ដែលគិតគូពីបញ្ហាស្រ្តីនិងក្មេងស្រី និងលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក ក្នុងអាជីពនយោបាយរបស់សមាជិកសភា និងប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី សំខាន់ជាងនេះទៅទៀត សភាដើរតួនាទីនាំមុខក្នុងការជំរុញឱ្យមានសមភាពរវាងស្ត្រី និងបុរស តាមរយៈការស្នើ និងការអនុម័តច្បាប់។
សូមជម្រាបថា កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលចំនួនពីររួមមាន៖ (១)ការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី (២)សមភាពរវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគម្រូរបស់ស្ត្រី។ គណៈប្រតិភូកម្ពុជាគ្រោងនឹងអញ្ជើញចូលជួបសវនការជាមួយប្រធានរដ្ឋសភាបារាំង ចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ដែលឧទ្ទិសដល់សិទ្ធិនយោបាយរបស់ស្រ្តីនៅលើពិភពលោក ជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងប៊ែលហ្ស៊ីក ព្រមទាំងជំនួបជាមួយអគ្គប្រតិភូនៃសភានិយាយភាសាបារាំង(APF) ផងដែរ។ ក្រៅពីនេះ ក៏នឹងមានជំនួបរវាងគណៈប្រតិភូកម្ពុជាជាមួយក្រុមមិត្តភាពសភាកម្ពុជា-បារាំង ជំនួបជាមួយគណៈកម្មការសង្គមកិច្ចនៃរដ្ឋសភាបារាំង និងជំនួបរវាងអគ្គលេខាធិការនៃរដ្ឋសភាបារាំងនិងកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចជាផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីនៅសាធារណរដ្ឋបារាំង នាឱកាសនេះមិនត្រឹមតែអាចរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង ស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទំាងពីរ កម្ពុជា-បារំាង ឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីពង្រឹងវិស័យការទូតសភា កម្ពុជា ជាមួយសភានៅលើសកលលោកផងដែរ ជាអាទិ៍ ការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាព សង្គមប្រកបដោយចីរភាព និងបរិយាបន្នជូនប្រជាពលរដ្ឋ៕