(បន្ទាយមានជ័យ)៖ លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុប និងធ្វើការវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ រយៈពេល១ឆ្នាំ សិក្សា២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ ដែលបានធ្វើឡើងរយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំ មន្ទីរអប់រំខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោក សេរី ជំនះ បានធ្វើការវាយតម្លៃ អំពីសមិទ្ធិផល លើវិស័យអប់រំ និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលលើធនធានមនុស្ស ប្រកបដោយជោគជ័យ។ លោក សេរី ជំនះ បានបញ្ជាក់ឲ្យដឹងដែរថា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដើរតួជាបុគ្គលនៅមុខ ជាឪពុកម្ដាយទីពីរ ជាអ្នកស្រាវជ្រាវ ជាអ្នកទីប្រឹក្សា និងជាអ្នកច្នៃប្រតិដ្ឋ ព្រមទាំងខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនដល់និស្សិត ឲ្យមានចំណេះដឹង ទូលំទូលាយ និងអភិវឌ្ឍខ្លួនជាអ្នកបន្តសម្រាប់អនាគតផងដែរ។
លោកបន្តថា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក៏ត្រូវខិតខំពង្រឹងសក្តានុពលរបស់ខ្លួនទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀនឲ្យស័ក្កិសមជាទីកន្លែងសម្រាប់អប់រំ និងបណ្ដុះបណ្ដាលកំណត់ស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញ៉ាំញីផ្លូវចិត្ត ផ្លូវកាយឡើយ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្នុងមួយឆ្នាំពេញនេះ លោកសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀននិងបានបង្ហាញ ក្នុងស្មារតី ទទួលខុសត្រូវ ពីគ្នាទៅវិញទៅមក និងបានចែករំលែកបទពិសោធន៍ល្អៗ រៀនសូត្រពីគ្នាទៅវិញទៅមក និងបានទទួល ចំណុចល្អៗជាច្រើន ដើម្បីបន្តយកទៅអនុវត្តនៅតាមមូលដ្ឋានរៀងខ្លួនឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្នាំនេះ និងឆ្នាំបន្តៗទៀត។
ក្នុងនោះ លោក ឈូ ប៊ុនរឿង បានកោតសរសើរចំពោះលោកសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូ ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកំពស់គុណភាពអប់រំ ឲ្យមានប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ធនធានមនុស្ស ជាមួយសមិទ្ធិផល ជាច្រើនទៀត ក្នុងនោះមានការអភិវឌ្ឍលើវិស័យអប់រំ ក្នុងខេត្តបន្ទាយមានជ័យ រយៈពេលពេញ១ឆ្នាំនេះ។
លោក សី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានថ្លែងថា ក្នុងសន្និបាតបូកសរុប និងធ្វើការវាយតម្លៃការងាររបស់មន្ទីរអប់រំ រយៈពេលសិក្សាពេញ១ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤នេះ មានលោកសាស្ត្រាចារ្យលោកគ្រូ និងអ្នកគ្រូ បានចូលរួមមកពីស្រុក ក្រុង ទាំង៩ ជាមួយដៃគូអភិវឌ្ឍន៍ និងចូលរួមយ៉ាងផុលផុស ដើម្បីធ្វើការចែករំលែកបទពិសោធម៌ល្អៗ និងពិភាក្សា ផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក សំដៅរកឲ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវិស័យអប់រំ ជាពិសេសពាក់ព័ន្ធនឹងប្រធានបទទាំង១០ផងដែរ។
លោក លី សុវណ្ណា រិទ្ធ បានបញ្ជាក់ទៀតថា កិច្ចពិភាក្សានេះនឹងអាចជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព មានលក្ខណៈស៊ីជម្រៅ ដើម្បីពង្រឹងគុណភាព អប់រំនៅគ្រប់កំរិត ដើម្បីឆ្លើយតបទៅផែនការយុទ្ធសាស្ត្រលើ វិស័យអប់រំឆ្នាំ២០២៣ឆ្នាំ២០២៤ និងគោលនយោបាយចំនួន២ របស់ក្រសួងអប់រំទៀតផង៕