(ភ្នំពេញ)៖ លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន មានចំនួនជាង ១១៥៤.៦២ លានដុល្លារសហរដ្ឋអាមេរិក។ ទំហំនេះ មានការកើនឡើងចំនួន ១៨.៧០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កន្លងទៅ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ថ្លែងបែបនេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសតំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាក្រោមប្រធានបទស្តីពី «បច្ចុប្បន្នភាពនៃនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន» នៅរាជធានីភ្នំពេញ។
នៅចំពោះមុខ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាពិសេសវិនិយោគិនជនជាតិ ចិន ហុងកុង ម៉ាកាវ លោកស្រី ខា ឡេង បានបញ្ជាក់យ៉ាងដូច្នេះថា «យោងតាមស្ថិតិពាណិជ្ជកម្មកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សរុបមាន ចំនួនជាង ១១៥៤.៦២ លានដុល្លារអាមេរិក។ ក្នុងនោះ ទំហំដែលបាននាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់ មានចំនួនប្រមាណ ១២១.៧៣ លានដុល្លារអាមេរិក ហើយទំហំនាំចូលពីចិនមកកម្ពុជា គិតជាទឹកប្រាក់មានចំនួនជាង ១០៣២.៨៩ លានដុល្លារអាមេរិក»។
បន្ថែមពីនេះ លោកស្រី ខា ឡេង បានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា និងប្រទេសជាសមាជិក RCEP មានចំនួនសរុបជាង ២៧៤៦.២៩លានដុល្លារ មានការកើនឡើងចំនួន ២១.២៩ ភាគរយ ដែលនេះបានបង្ហាញ ពីសកម្មភាពពាណិជ្ជកម្មដ៏មមាញឹក និងខ្លាំងក្លារបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ជាពិសេសគឺមិត្តចិន ដែលជាសញ្ញាវិជ្ជមានបង្ហាញជូនដល់បណ្ដាវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស បានឃើញយ៉ាងច្បាស់ពីការអភិវឌ្ឍ និងភាពរីកចម្រើននៃកម្ពុជា បើទោះបីជាស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៃវិបត្តិសកលនានាយ៉ាងណាក្ដី ក៏ប្រទេសកម្ពុជា នៅតែរក្សាបានគោលជំហរនឹងនរ សម្របបានគ្រប់កាលៈទេសៈ និងស្វាគមន៍រាល់វិនិយោគិនមកពីគ្រប់ទិសទី ដោយគ្មានការរើសអើងណាមួយឡើយ។
ក្នុងឱកាសនោះលោកស្រី ខា ឡេង ក៏បានវាយតម្លៃខ្ពស់ ចំពោះសមាគមពាណិជ្ជកម្មអនិកជនចិនហុងកុងនិងម៉ាកាវនៅកម្ពុជា និងសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា ដែលបានសម្របសម្រួលដល់ការទាក់ទាញ វិនិយោគិនមកកម្ពុជានា ពេលនេះ និងបានរៀបចំកម្មវិធីសិក្ខាសាលាដ៏មានសារៈសំខាន់មួយនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញពីកត្តាសក្តានុពលចម្បងនៅកម្ពុជា ដែលសមស្របឥតខ្ចោះសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ រួមមាន៖
*១៖ ក្នុងរយៈពេលជាង ៤០ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អាចរក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ដែលជួយឲ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខដុម ហើយនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់សម្ដេចធិបតី បានបន្តប្តេជ្ញាថែរក្សាការពារកត្តាទាំងនេះ ជូនដល់ប្រជាជនក្នុងប្រទេស ដែលនឹងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរីកចម្រើនថ្មីៗបន្ថែមទៀត គួរជាទីមោទនៈ។ ស្ថិតក្រោមដំបូលសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព នេះហើយ ទើបប្រទេសកម្ពុជាបានទទួលការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសម្បូរបែប រួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ស្ពានអាកាស ព្រលាន យន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គិសនី ដែលផ្តល់ភាពងាយស្រួលសម្រាប់ផលិតកម្ម និងការដឹកជញ្ជូន និង ជាទីតាំងតភ្ជាប់ខ្សែច្រវាក់ផលិតកម្មដ៏ល្អបំផុតសម្រាប់រោងចក្រផលិតកម្មផ្គត់ផ្គង់ទៅតំបន់ជុំវិញ ជាពិសេសទីផ្សារអន្តរជាតិបានយ៉ាងងាយស្រួល។
*២៖ ទីផ្សារទូលំទូលាយប្រកបដោយភាពអនុគ្រោះ និងការលើកទឹកចិត្តខ្ពស់ពីរាជរដ្ឋាភិបាល ពោលគឺប្រទេសកម្ពុជា មានសេដ្ឋកិច្ចបើកចំហ និងទីផ្សារសេរីធំទូលាយដែលមានសក្តានុពលខ្ពស់ចំពោះការនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក តាមរយៈប្រព័ន្ធអនុគ្រោះទូទៅ (GSP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាដៃគូ ហើយនឹងបន្តការចរចាកិច្ចព្រមព្រៀងសេរីជាមួយបណ្តាប្រទេសនានា ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្ម និងពង្រីកទីផ្សារបន្ថែមទៀត។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានផ្ដល់ការលើកទឹកចិត្តខ្ពស់ជូនដល់វិនិយោគិន ដោយកម្ពុជាបានអនុម័តច្បាប់ស្ដីពីវិនិយោគ ក្នុងឆ្នាំ២០២១ ដែលបានផ្ដល់ការលើកទឹកចិត្តវិនិយោគទៅលើវិស័យ និងសកម្មភាពពាក់ព័ន្ធយ៉ាងច្រើន តាមរយៈយន្តការនៃការលើកទឹកចិត្តផ្នែកពន្ធជាមូលដ្ឋាន ក្នុងគោលបំណង ផ្តល់ទំនុកចិត្ត ភាពងាយស្រួល ការការពារ ការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ដំណោះស្រាយជូនដល់វិនិយោគិនទាំងអស់ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ កម្ពុជាក៏មានកត្តាធនធាន កម្លាំងពលកម្ម និងធនធានមនុស្សប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដោយយោងតាមស្ថិតិជំរឿនទូទៅ នៃប្រជាជនកម្ពុជាឆ្នាំ២០១៩ អត្រានៃប្រជាជនមានអាយុក្រោម ៣៥ឆ្នាំ មានប្រមាណជាង ៦០% នៃចំនួន ប្រជាជនសរុប ហើយអត្រាកម្លាំងពលកម្មវ័យក្មេងនិងសកម្មដែលអាចបម្រើគ្រប់វិស័យដល់ពាណិជ្ជកម្ម និងការវិនិយោគរបស់វិនិយោគិន មានជាង ៨០%។
ជាការពិត រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនយ៉ាងហ្មត់ចត់ក្នុងការសម្របទៅតាមផលប៉ះពាល់នៃភាពមិនប្រាកដ ប្រជានៃវិបត្តិសកលទាំងឡាយ ជាមួយនឹងការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដោយសម្លឹងឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅនៃការកសាងជាតិ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅបន្តជំរុញ ការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា។
ក្នុងនាមក្រសួងពាណិជ្ជកម្ម និងតំណាងប្រទេសកម្ពុជា លោកស្រី ខា ឡេង បានអំពាវនាវ និងរំពឹងយ៉ាងមុតមាំថា វិនិយោគិនជាតិ និងអន្តរជាតិទាំងឡាយ ជាពិសេសប្រទេសចិន ហុងកុង និងម៉ាកាវ នឹងបន្តចាប់យកកាលានុវត្តភាពលើការបណ្ដាក់ទុនធ្វើពាណិជ្ជកម្ម និងការវិនិយោគថ្មីៗឲ្យបានកាន់តែសកម្ម នៅក្នុងប្រទេសកម្ពុជា ដោយហេតុថាប្រទេសកម្ពុជា គឺជាទីតាំងពោរពេញដោយសក្តានុពលមួយក្នុងតំបន់អាស៊ានដែលមានទីផ្សារបើកចំហរយ៉ាងធំទូលាយ ទទួលស្វាគមន៍រាល់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងជាពិសេសត្រៀមខ្លួនរួចស្រេច ក្នុងការចាប់យកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ក្នុងស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយកំណត់យកអាទិភាពគន្លឹះចំនួន ០៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព៕