(ភ្នំពេញ)៖ ស្រ្តីវ័យ៣៤ឆ្នាំម្នាក់ ត្រូវបុរសឆបោកមិនស្គាល់ឈ្មោះដែលបានស្គាល់តាមរយៈការណែនាំពីមិត្តភ័ក្រ្ត លួងលោមចូលដេកនៅផ្ទះសំណាក់ ហើយបោកយកទូរស័ព្ទម៉ាក Iphone Pro មួយគ្រឿងតម្លៃជិត២ពាន់ដុល្លារ។ ស្រ្តីរងគ្រោះបានលះបង់ភាពខ្មាស់អៀន ដោយបានមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ច ដើម្បីតាមស្វែងរកចាប់ខ្លួនជនឆបោករូបនោះ។
ស្រ្តីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រោយទាក់ទងតាមទូរស័ព្ទរួច ក៏ណាត់ជួបគ្នានៅផ្ទះសំណាក់យីហោ «បុទុមសុវណ្ណ» ស្ថិតនៅតាមផ្លូវ៦៩BT ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយនាគ្នាដេករហូតដល់ព្រឹកឡើង។
នាងបន្តថា ពេលព្រឹកឡើងជនឆបោកបានភូតកុហកថា ទូរស័ព្ទរបស់ខ្លួនអស់ថ្ម ក៏សុំខ្ចីទូរស័ព្ទនាង ដើម្បីដាក់ស៊ីម ទៅដកលុយតាមវីង។ ពេលបានទូរស័ព្ទរួច ជនឆបោកក៏បានចេញទៅ ទុកឲ្យនាងដេកក្នុងផ្ទះសំណាក់ម្នាក់ឯង។
រយៈពេល៣០នាទីក្រោយ ដោយយូរពេក នាងក៏តេទូរស័ព្ទសួរថា បងមកវិញនៅ? ក៏ខាងប្រុសឆ្លើយថា អត់អីទេ រួចឥឡូវហើយ បងរវល់ទិញបាយម្ហូបយកទៅហូបនៅបន្ទប់តែម្តងខ្ជិលចេញមកវិញច្រើនដង។
ក្រោយរង់ចាំ នៅតែមិនឃើញមកទើបនាងដឹងចាញ់បោក ក៏ពឹងបុរសសន្តិសុខនៅផ្ទះសំណាក់នាំទៅដាក់ពាក្យបណ្តឹងតែម្តង។ នារីរងគ្រោះបានសុំវីដេអូកាំនេរ៉ាសុវត្ថិភាពពីផ្ទះសំណាក់ ដើម្បីផ្តិតយករូបភាពដាក់ជូនសមត្ថកិច្ច៕