(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុថា លទ្ធផល នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៥៦៥គ្រឿង ម៉ូតូ និង Passapp ចំនួន៣៨៣គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ដោយ អភិបាលក្រុង/ស្រុក និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។
ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៥៦៥នេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
*ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន១៥នាក់ រកឃេីញវិជ្ជមានចំនួន ៥នាក់ (ផាកពិន័យតាមគោលការណ៍)។
*ទី២៖ ធ្វើតេស្តរកសារធាតុញៀន៧នាក់ វិជ្ជមាន១នាក់(ខ្មែរ)។
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលេីរថយន្តចំនួន ១៧៦គ្រឿង (គ្មានអាវុធឆ្លងកាត់)។
*ទី៤៖ ឃាត់រក្សាទុករថយន្ត៦គ្រឿង(គ្មានបណ្ណបើកបរ) និងម៉ូតូ២គ្រឿង (បេីកបរក្នុងស្ថានភាពស្រវឹង និងមានឧបករណ៍ប្រេីប្រាស់សារធាតុញៀន។
*ទី៥៖ ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន៣នាក់ និងម៉ូតូគ្មានបណ្ណបេីកបរ៤គ្រឿង (ផាកពិន័យតាមគោលការណ៍)
*ទី៦៖ ឃាត់ខ្លួនបាន៣នាក់ (ចិន២នាក់) ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។
*ទី៧៖ អប់រំនៅនឹងកន្លែង៣០នាក់ (ចិន១០នាក់)។
គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕