(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត! លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាស់តឿន និងក្រើនរំលឹកកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវប្រកាន់ខ្ជាប់វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន ជាពិសេសពេលចុះបំពេញការងាររៀបចំសណ្តាប់ធ្នាប់ ត្រូវប្រកាន់ខ្ជាប់តួនាទីភារកិច្ចគឺទន់ភ្លន់ តែម៉ឺងម៉ាត់។
ការដាស់តឿនក្រើនរំលឹកនេះ បានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌ ជួបសំណេះសំណាល និងឧបត្ថម្ភអង្ករ រួមទាំងថវិកាដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខណ្ឌច្បារអំពៅ។
ថ្លែងទៅកាន់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ អភិបាលខណ្ឌបានបញ្ជាក់ដូច្នេះថា៖
*ទី១៖ កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ
*ទី២៖ កុំសេពគ្រឿងញៀន
*ទី៣៖ ឈ្លោះទាស់ទែងគ្នា ត្រូវរក្សាបានសាមគ្គីភាពផ្ទៃក្នុង។
លោកបានណែនាំថា សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ត្រូវអនុវត្តឲ្យបាន បើបុគ្គលណាម្នាក់លួចលេងល្បែងស៉ីសង លួចសេពគ្រឿងញៀនខុសវិន័យកងកម្លាំងត្រូវបញ្ឈប់ពីការងារ។ ចំណុចមួយទៀត កុំឈ្លោះទាស់ទែងគ្នា វាមិនល្អទេ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។ និយាយរួម ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព។
ចំណុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាឲ្យបានសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែងច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំ សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានកោតសសើរកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន។ ចំណុចមួយទៀតត្រូវចេះជួយគ្នា ចេះស្រលាញ់គ្នា ចេះអធ្យាស្រ័យអោយគ្នា ចេះសន្តោសប្រណីឲ្យគ្នាទៅវិញទៅមក និងចេះជួយយកអាសារគ្នា៕