(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយប៉ុនប៉ងសម្លាប់ជនរងគ្រោះដែលជាដៃគូរកស៊ីជាមួយគ្នា។ ជនរងគ្រោះ ត្រូវបានជនដៃដល់ប៉ុនប៉ងវាយសម្លាប់នៅក្នុងបន្ទប់ទឹក តែសំណាងល្អប្រពន្ធឃើញទាន់ ក៏ហៅគេឱ្យជួយ និងប្តឹងទៅសម្ថកិច្ចកាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ជនរងគ្រោះឈ្មោះ ស្រ៊ុន សៀវហេង អាយុ២៨ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង នៅក្រុងប៉ោយប៉ែត បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅទីតាំងមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានជនសង្ស័យឈ្មោះ គួត ថាវី។
ជនរងគ្រោះបានបន្តទៀតថា ខ្លួន និងជនសង្ស័យបាននៅជុំគ្នាផឹកស៊ី តែមិនបានប៉ុន្មានផង ស្រាប់តែជនសង្ស័យបានប៉ុនប៉ងសម្លាប់លោក ខណៈដែលលោកដើរចូលបន្ទប់ទឹក។ ស្រ្តីជាប្រពន្ធរបស់ជនរងគ្រោះ ក៏បានបញ្ជាក់ ផងដែរថា ពេលប្តីរបស់ខ្លួនចូលទៅបន្ទប់ទឹក ជនសង្ស័យក៏ចូលតាមក្រោយ ហើយខ្ទាស់គន្លឹសទ្វារបន្ទប់ទឹក រួចវាយផ្ដួលយ៉ាងកម្រោល រហូតដួលដល់ការ៉ូ ហើយនៅតែវាយផ្នែកក្បាល និងយកដៃរឹតកជាប់រហូតដល់សន្លប់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ប្រពន្ធជនរងគ្រោះ ដែលអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក និងបានស្រែកឱ្យគេជួយ បានឱ្យដឹងទៀតថា បើមិនមានខ្លួននៅទីនោះទេ ប្តីនឹងត្រូវស្លាប់ដោយសារជនបង្ក បានរឹតកជាប់មិនព្រមលែង។ បន្ទាប់ពីត្រូវគេមកជួយ ជនបង្កមិនបានទៅណា បែរជាវាយមុខខ្លួនឯងឱ្យឈាមច្រមុះ ហើយទើបដើរទៅបាត់។
លុះព្រឹកឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនបង្កតែម្តង។ ជនរងគ្រោះ បានបញ្ជាក់ថា ជនបង្កខាងលើជាដៃគូរកស៊ីជាមួយគ្នា និងតែងប្រើល្បិចកិច្ចកលគ្រប់យ៉ាង ដើម្បីកេងប្រវ័ញ្ចលុយក្រុមហ៊ុន និងធ្លាប់បានគំរាមថា «បើមានឯង អត់អញ»។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ចំណែកជនបង្កត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមច្បាប់៕