(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារផ្នែក កម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំនៃរដ្ឋាករទឹកស្វយ័យក្រុងភ្នំពេញ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហា និងសំណូមពរនានា ដែលលើកឡើងដោយវិស័យឯកជន ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ពិសេសជំរុញលើកកម្ពស់មូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញផលិតផលខ្មែរ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅពេលនេះ ក៏មានការអញ្ជើញចូលរួមពីតំណាង ក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងរ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ហើយក៏មានការអញ្ជើញចូលរួម ពីវិស័យឯកជន មួយចំនួនធំរួមមាន សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម (FASMEC) សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) សមាគម សហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគម សិប្បករកម្ពុជា (AAC) និងវិស័យឯកជននានាដែលមានការពាក់ព័ន្ធ។
ជាលទ្ធផល កិច្ចប្រជុំបានសម្រេចដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនានាចំនួន ២៥ ដែលបានលើកឡើងដោយវិស័យឯកជន ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដែលក្នុងនោះមានដូចជាការដោះស្រាយបញ្ហាលើការនាំចូល គ្រប់គ្រង និងប្រើប្រាស់សារធាតុគីមីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម និងកែច្នៃម្ហូបអាហារ, បច្ចេកទេសនៃការកំណត់កាលបរិច្ឆេទ របស់ផលិតផលម្ហូបអាហារ, ការបណ្តុះបណ្តាលបច្ចេកទេសឧស្សាហកម្ម, ការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម, ការបង្កើតសួនឧស្សាហកម្ម សិប្បកម្ម សមា្រប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅទូទាំងរាជធានី-ខេត្ត, ការផ្លាស់ប្តូរពីរបបម៉ៅការ មករបបស្វ័យប្រកាសសម្រាប់សហគ្រាសធុនតូច និងមធ្យម, ការប្រកួតប្រជែងគ្នាលើទីផ្សារដោយមិនស្មើភាពគ្នា រវាងអ្នកដែលមាន របរដូចគ្នា, ការយកផលិតផលអាហារបំប៉នធ្វើជាថ្នាំពេទ្យ, ការជំរុញគោលនយោបាយលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម, ការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម, តម្លៃនៃការវិភាកគុណភាពផលិតផល, ការប្រឈមខ្ពស់ផ្នែកទីផ្សារម្រេច កម្ពុជាក្រោយឆ្នាំ២០១៨, កម្រៃសេវាសាធារណៈក្នុងការរៀបចំពិព័រណ៍ខ្មែរ, ការតម្រូវឱ្យយកឯកសារឈៀក (ឯកសារត្រួតពិនិត្យ បច្ចេកទេសយានយន្ត) និងប័ណ្ណបើកបរច្បាប់ដើម ដាក់តាមរថយន្តដឹកទំនិញទៅតាមខេត្ត, ការកំណត់ចំនួនមនុស្សដែលត្រូវផ្ទុកក្នុង រថយន្តដឹកទំនិញ ៥តោនទៅតាមខេត្ត និងសំណូមពរជាច្រើនទៀតដែលពាក់ព័ន្ធនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា៕