(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានលើកឡើងថា ការអប់រំគណិតវិទ្យា នៅដំណាក់កាលដំបូងបឋមសិក្សា គឺបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការសិក្សាពេញមួយជីវិត។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ធ្វើឡើងក្នុងសន្និសីទថ្នាក់ជាតិ ស្ដីពី វិធីសាស្ដ្របង្រៀនគណិតវិទ្យា នៅកម្រិតបឋមសិក្សា ក្រោមប្រធានបទ៖ គ្រប់គ្នាចេះលេខស្ទាត់ជំនាញ។ សន្និសីទនេះ បានរៀបចំធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។
សន្និសីទនេះ បានប្រព្រឹត្ដឡើងក្រោមវត្ដមាន លោក ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំដោយ នាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី។
លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ការអប់រំគណិតវិទ្យា នៅដំណាក់កាលដំបូងបឋមសិក្សា គឺបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការសិក្សាពេញមួយជីវិត និងជោគជ័យ ក្នុងការបន្ដសិក្សា និងវិជ្ជាជីវៈផ្សេងៗ នៅកម្រិតឧត្ដមសិក្សា»។
ប្រធានសមាគមន៍អ្នកគណិតវិទ្យាកម្ពុជា បានបន្ថែមថា នៅក្នុងវ័យជាកុមារភាព ចាប់ពីទារករហូត ដល់ថ្នាក់បឋមសិក្សា កុមារបានបង្កើតបំណិតគណិតវិទ្យាជាមូលដ្ឋាន ដែលមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍន៍បំណិតគិត បំណិតសង្គម និងអារម្មណ៍របស់ពួកគេ ដែលគ្រប់គ្នាត្រូវចេះលេខស្ទាត់ជំនាញ។
ទន្ទឹមគ្នានេះ លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានលើកឡើងថា សន្និសីទថ្នាក់ជាតិ ស្ដីពីវិធីសាស្ដ្របង្រៀនគណិតវិទ្យា នៅកម្រិតបឋមសិក្សា ក្រោមប្រធានបទ៖ គ្រប់គ្នាចេះលេខស្ទាត់ជំនាញ បានប្រមូលផ្ដុំអ្នកអប់រំ អ្នកស្រាវជ្រាវ អ្នកបង្កើតគោកនយោបាយ និងអ្នកជំនាញផ្នែកឧស្សាហកម្មមកពីជុំវិញពិភពលោក ដើម្បីស្វែងយល់ពីការអនុវត្ដល្អបំផុត លើការអប់រំគណិតវិទ្យា។
លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានបញ្ជាក់ថា សន្និសីទនេះ ផ្តោតសំខាន់លើ គ្រប់គា្នចេះលេខស្ងាត់ជំនាញ «Everybody Count: Math Mastery» គឺជាកម្មវិធីរៀន និងបង្រៀនគណិតវិទ្យាបង្កើតឡើង ដើម្បីលើកកម្ពស់អក្ខរកម្ម និងជំនាញគណិតវិទ្យា ក្នុងចំណោមសិស្ស នៅកម្រិតបឋមសិក្សាទាំងអស់។
បើតាមប្រធានសមាគមន៍អ្នកគណិតវិទ្យាកម្ពុជា, កម្មវិធីនេះ ផ្តោតសំខាន់លើការបង្កើនការចូលរួម ដោះស្រាយបែបគណិតវិទ្យា ដែលអាចឲ្យសិស្សទាំងអស់ ចូលរួមប្រើប្រាស់បានគ្រប់ៗគ្នា តាមរយៈការប្រើឧបករណ៍ឌីជីថល។
លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បន្ដទៀតថា កម្មវិធីនេះ បានប្រើប្រាស់វិធីសាស្ត្រអន្តរជាតិ ដោយមានមេរៀន ដែលគួរឲ្យចាប់អារម្មណ៍ជាមួយនឹងតួអក្សរ ចលនា ហ្គេម និងល្បែងកម្សាន្ត ដើម្បីជំរុញឲ្យសិស្ស ចូលរួមរៀនអំពីបញ្ញតិ្តគណិតវិទ្យា និងអភិវឌ្ឍជំនាញពេញមួយជីវិត។
មេរៀនទាំងអស់ ត្រូវបានរចនាឡើងដើម្បីឲ្យមានភាពស្វាហាប់ ដោយរួមបញ្ចូលនូវសកម្មភាព ហ្គេម និងឧទាហរណ៍ក្នុងជីវភាពរស់នៅពិតជាក់ស្តែងជាច្រើន ដើម្បីបង្ហាញច្បាស់ពីភាពពាក់ព័ន្ធគ្នា នៃគណិតវិទ្យាក្នុង ជីវិតប្រចាំថ្ងៃ។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន។
សូមជម្រាបថា សន្និសីទនេះ មានរយៈពេល១ថ្ងៃ គឺថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងបន្តដោយសិក្ខាសាលា បង្ហាញគំរូបច្ចេកទេស នៃការបង្រៀនគណិតវិទ្យា នៅកម្រិតបឋមសិក្សា ជូនដល់លោកគ្រូ-អ្នកគ្រូ ដែលបង្រៀន នៅរាជធានីភ្នំពេញ និងមន្រ្តីគ្រប់គ្រងកម្មវិធីបឋមសិក្សា ពាក់ព័ន្ធចំនួន១០០នាក់ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៤។
សិក្ខាសាលានេះ ដោយផ្តោតសំខាន់លើ «គ្រប់គ្នាចេះលេខស្ទាត់ជំនាញ» (Everybody Count: Math Mastery) ជាកម្មវិធីរៀន និងបង្រៀនគណិតវិទ្យាបង្កើតឡើង ដើម្បីលើកកម្ពស់អក្ខរកម្ម និងជំនាញគណិតវិទ្យា ក្នុងចំណោម សិស្សានុសិស្សកម្រិតបឋមសិក្សាទាំងអស់៕