(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកទឹកចិត្តដល់មន្ដ្រីជាប់កិច្ចសន្យាដែលបានជ្រើសរើសចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទគប្បីចូលរួមចលនាសង្គមនានា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោក ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយមន្ដ្រីជាប់កិច្ចសន្យាដែលបានជ្រើសរើសចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទមានមន្ដ្រីជាប់កិច្ចសន្យាសរុបចំនួន៨៧រូប ក្នុងនោះនៅទីស្ដីការក្រសួងមានចំនួន៥៧រូប និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធាន-ខេត្តមានចំនួន៣០រូប។
លោករដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើជូនមន្រ្ដីជាប់កិច្ចសន្យាទាំងអស់ដូចខាងក្រោម៖
* ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដោយផ្អែកលើគុណវុឌ្ឍិចំណេះដឹង និងជំនាញរបស់ខ្លួន
* ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង មានវិន័យ ក្របសីលធម៌ និងគោរពតាមច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល
* ត្រូវខិតខំបន្ដអភិវឌ្ឍសមត្ថភាព និងយកចិត្តទុកដាក់រៀនសូត្រស្វែងយល់បន្ថែមពីការងារថ្មីពីថ្នាក់ដឹកនាំ និងមន្ដ្រីរៀមច្បងដែលមានបទពិសោធន៍ច្រើន
* ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ និងត្រូវចេះសុំគោលការណ៍ ពេលជួបបញ្ហាផ្សេងៗ
* ត្រូវចូលរួមចលនាសង្គមនានា ដើម្បីជាការចូលរួមអភិវឌ្ឍសង្គមជាមួយនឹងរាជរដ្ឋាភិបាល
* ត្រូវជៀសវាងឱ្យបានជាដាច់ខាត ការប្រើប្រាស់គ្រឿងញៀនខុសច្បាស់ និងត្រូវចូលរួមអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
គួរជម្រាបថា តាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រសិទ្ធភាពការងារ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចូលបម្រើការងារនៅក្នុងក្រសួងនាពេលនេះ គឺជាការជ្រើសរើសមន្ត្រីកិច្ចសន្យាមានជំនាញបច្ចេកទេស មិនមែនជាមន្ត្រីជួយតែកិច្ចការរដ្ឋបាលបន្តិចបន្តួចនោះទេ។
លោក ឆាយ ឫទ្ធិសែន បានបន្តថា ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ និងប្រកបដោយភាពប្រាកដនិយម ដែលមានបាវចន ៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដែលសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់។
លោករដ្ឋមន្ដ្រីបានបន្ដទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងយកចិត្តទុកដាក់លើការសម្រេចឱ្យបានតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស ក្នុងគោលបំណងធានាការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង៕