(សិង្ហបុរី)៖ ត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃព្រហស្បតិ៍ អ្នកឆ្លងវីរុស Zika ៣១ករណីទៀតត្រូវបាន ក្រុមគ្រូពេទ្យរកឃើញ ដែលជាហេតុនាំឲ្យចំនួនអ្នកឆ្លងវីរុស ដែលមានដើមកំណើតមកពីសត្វមូស និង កំពុងវាយប្រហារខ្លាំងនៅអាមេរិកឡាទីននេះ កើនឡើងដល់ ១៥១នាក់ហើយនៅប្រទេសសិង្ហបុរី ក្នុងចំណោម នោះក៏មានជនជាតិចិន និងឥណ្ឌា ជាច្រើននាក់ផងដែរ។ នេះបើតាម Channel News Asia ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ភ្លាមៗបានចេញសេចក្តីព្រមានជាសាធារណថា វីរុស Zika នេះនឹងមិនមែនមានតែ នៅក្នុងតំបន់ Aljunied និង Bedok នោះឡើយ ដោយលោកបានអំពាវនាវឲ្យ គ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេសដីកោះមួយនេះ ធ្វើការបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត ដើម្បីការពារឆ្លងនិងរាលដាល ជាពិសេសត្រូវនាំគ្នាកម្ចាត់ប្រភពនៃសត្វមូសដែលជាភ្នាក់ងារ ចម្លងជំងឺនេះ។
គួរបញ្ជាក់ថា បណ្តាប្រទេសក្នុងតំបន់មួយចំនួនទៅហើយ ដែលបានណែនាំប្រជាជនខ្លួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទៅប្រទេស សិង្ហបុរីដូចជា កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ និង ហុងកុងជាដើម ដោយសារតែរីករាលដាលនៃវីរុសនេះ។ វីរុស Zika មានឥទ្ធិពល អាក្រក់ ទៅលើស្ត្រីមានផ្ទៃពោះ ប្រសិនបើ មានឆ្លងជំងឺប្រភេទនេះ វានឹងធ្វើឲ្យទារកកើតមកមានក្បាលតូចខុសធម្មតាហើយផ្នែក ប្រាជ្ញាស្មារតី ក៏នឹងអន់ខ្សោយទៅតាមនោះដែរ៕