(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការចូលរួមក្នុងផ្នែកណាមួយរបស់ US-ABC។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី សុខ សូកេន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Jack Myint នាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជនក្នុងការជំរុញការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងការធ្វើពិពិធកម្មវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សម្បូរបែបសកលឈានមុខ។
លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដែលជាសមាជិក US-ABC ចូលរួមជំរុញវិស័យទេសចរណ៍ តាមរយៈការចូលរួមក្នុងផ្នែកណាមួយនៃក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា។
លោកក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវអនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការសម្រាប់បង្កើនកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។
ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបានពិភាក្សាអំពីការជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅសេដ្ឋកិច្ច-ទេសចរណ៍ ជាពិសេសលើកកម្ពស់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ព្រមទាំងការតភ្ជាប់ជាមួយនិងការអនុវត្តលើការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មទេសចរណ៍នៅកម្ពុជា ស្របតាមបរិបទថ្មី និងនិន្នាការសកលក្នុងវិស័យទេសចរណ៍ដែលកំពុងរីកចម្រើនលើការទូទាត់ចំណាយនៃសេវាកម្មទេសចរណ៍ និងការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល។
ក្នុងពេលនោះដែរ ក្រុមហ៊ុន Mastercard, VISA និង META Facebook បង្ហាញឆន្ទៈក្នុងការចូលរួមសហការជាមួយក្រសួងទេសចរណ៍ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ «BUILD + 3Ds» ក៏ដូចជាចូលរួមអនុវត្តនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕