(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញានេះ អង្គភាពព័ត៌មាន Fresh News បានទទួលនូវលិខិតមិត្តអ្នកអានមួយ ផ្ញើមកកាន់អ៉ីម៉ែល ដែលក្នុងលិខិតមិត្តអ្នកអាននោះត្រូវបានអះអាងថា ផ្ញើចេញពីក្រសួងពាណិជ្ជកម្ម ដែលធ្វើឡើងដោយក្រុមមន្ត្រី នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដើម្បីសុំឲ្យមានការសណ្តោសប្រោសប្រណីពីថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអនុញ្ញាតឲ្យមន្ត្រីថ្នាក់ក្រោម កែប្រែកំហុស ដែលកើតឡើងដោយអចេតនាផង។
មន្ត្រីក្រសួងពាណិជ្ជកម្ម ដែលអះអាងថា ជាអ្នកបានផ្ញើលិខិតមកនេះបានរៀបរាប់ថា ក្រុមមន្ត្រីនៃអគ្គនាយកដ្ឋានសេវា ពាណិជ្ជកម្ម មានការបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានប្រជុំផ្ទៃក្នុងរួចហើយ ដោយសម្រេចដកហូតតំណែង លោក ម៉ក់ ឧសភា អគ្គនាយក នៃអគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម ដោយមូលហេតុគាត់មានកំហុសឆ្គងរឿងចុះហត្ថលេខា លើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) កាលពីពេលថ្មីៗនេះ ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយចប់សព្វគ្រប់ ដោយកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវបាននាំចេញដោយរលូន និងមានបញ្ហានោះឡើយ។
មន្ត្រីថ្នាក់ក្រោមបានរៀបរាប់ថា លោក ម៉ក់ ឧសភា ជាមន្ត្រីមានគុណសម្បត្តិមួយរូប ប្រសិនបើដោយសារតែបញ្ហាខុសឆ្គងរឿងចេញ CO នេះ មិនគួរណាដល់ថ្នាក់ត្រូវដកតំណែងគាត់ឡើយ គួរណាតែផ្តល់ឱកាសឲ្យគាត់ ធ្វើការកែប្រែកំហុស កសាងគុណសម្បត្តិ ដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានផ្តល់ឱកាសដល់មន្ត្រី របស់សម្តេចមួយចំនួននាពេលកន្លងមក។
មន្ត្រីរបស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បានលើកឡើងក្នុងលិខិតទៀតថា តួយ៉ាងកាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឲ្យ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ បានកែប្រែកំហុសរបស់ខ្លួន ដែលនេះជាព្រហ្មវិហារធម៌ មិនអាចកាត់ថ្លៃបានឡើយ សម្រាប់មេដឹកនាំ របស់កម្ពុជា។ ដូចគ្នាដែរអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មួយរូប ដែលមានជម្លោះ ជាមួយនគរបាលចរាចរណ៍ ក៏ធ្លាប់ត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ការសណ្តោសប្រណី ផ្តល់ឱកាសឲ្យកែប្រែកំហុសផងដែរ ដោយមានមិនការដកហូតតំណែងនោះឡើយ។
ក្រុមមន្ត្រីទាំងនោះបានសំណូមពរថា សូមសម្តេចតេជោ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ អនុញ្ញាត និងផ្តល់ឱកាសឲ្យលោក ម៉ក់ ឧសភា មានពេលកែប្រែកំហុសនេះផងដែរ ហើយកំហុសរបស់លោក ម៉ក់ ឧសភា គួរត្រឹមតែទទួលការពិន័យ ដោយបញ្ឈរជើង១-២ខែ ឬពិន័យតាមការសមស្រប ណាមួយក៍បាន មិនគួរដល់ថ្នាក់ដកហូត តំណែងនោះឡើយ ព្រោះកំហុសមិនធ្ងន់ធ្ងរនោះទេ, ប្រសិនបើធ្ងន់ធ្ងរមែននោះការដកតំណែង គឺជាការត្រឹមត្រូវ។ ដូច្នេះសូមលោករដ្ឋមន្ត្រីពាណិជ្ជកម្ម មេត្តាអនុគ្រោះ ព្រោះលោក ម៉ក់ ឧសភា ជាមន្ត្រីស្រឡាញ់ការងារ គោរពស្រឡាញ់មន្ត្រីក្រោមឱវាទ បើទោះបីជាគាត់ទើប ត្រូវបានតែងតាំងរយៈពេល៣ ខែក៏ដោយ។
ទោះបីយ៉ាងណាមន្រ្តីដដែលរូបនោះបញ្ជាក់ថា កំហុសរបស់លោក ម៉ក់ ឧសភា រហូតឈានដល់រដ្ឋមន្រ្តីសម្រេចដកនេះ ក៏ដោយសារមានមនុស្សមួយចំនួន ច្រណែនឈ្នានីសនឹងរូបគាត់ និងចង់បានតួនាទីកន្លែងគាត់ផងដែរ។ តែទោះបីយ៉ាងណាលោកស្នើសុំការអធ្យាស្រ័យ និងការសណ្តោសប្រោសប្រណី ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ក្រសួងផងដែរ។
លោក ម៉ក់់ ឧសភា ត្រូវបានគេដឹង និងស្គាល់ថា ជាមួយមន្ត្រីដែលមានគុណសម្បត្តិមួយរូប។ មុនពេលលោកមកកាន់តំណែង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មពាណិជ្ជកម្ម លោកជាប្រធាននាយកដ្ឋាន ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម៕