(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតម្កល់រៀបចំពិធីបុណ្យនៅវត្តឧណ្ណាលោម។
ក្នុងសមានទុក្ខដ៏សែនក្រៀមក្រំ សម្តេចតេជោ ហ៊ុន សែន និងសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលំឱនកាយថ្វាយបង្គំគោរពដល់ព្រះសព និងឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។
សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានក្តីសង្វេគសោកស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការយាង ចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់មហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្ដុង្គឧត្តមនៃកសិករ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជននិងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញនៅព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម លើសពីនេះ ព្រះអង្គបានបូជាធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់បំផុតលះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត ជាពិសេសព្រះអង្គបានបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ រហូតដល់ពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥៖៤០នាទីល្ងាច ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការមានសមាសភាពចម្រុះជាមន្ត្រីសង្ឃជាន់ខ្ពស់ មកពីគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិករបស់រាជរដ្ឋាភិបាល ដើម្បីចាត់ចែងរៀបចំពិធីបុណ្យថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព វង្ស៕