(សិង្ហបុរី)៖ ខណៈស្ថិតនៅប្រទេសសិង្ហបុរី ដើម្បីចូលរួមធ្វើបាឋកថាក្នុងកម្មវិធី ST Lee Distinguished Lecture ប្រចាំឆ្នាំ តមតាមការអញ្ជើញរបស់មហាវិទ្យាល័យគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យ ជាតិសិង្ហបុរី នៅព្រឹកថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Masagos Zulkifli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារសិង្ហបុរី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌ (ASCC) លើកទី៣១ ដែលគ្រោងប្រព្រឹត្តទៅនៅខែមីនាខាងមុខ ក្នុងប្រទេសឡាវ ក៏ដូចជាពិភាក្សាអំពីវឌ្ឍនភាព នៃការតាក់តែងផែនការយុទ្ធសាស្ត្រ ASCC សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ព្រមទាំងបញ្ហាផ្សេងៗទៀត។
នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិសាបាយការងារជាមួយលោក Peter Ho ទីប្រឹក្សាជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសម្រាប់អនាគតជាយុទ្ធសាស្ត្រ និងជាអតីតប្រធានមុខងារសាធារណៈសិង្ហបុរី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធនឹងអាស៊ាន ព្រមទាំងបានផ្លាស់ប្តូរមតិអំពីការវិវត្តន៍ចុងក្រោយនៅក្នុងតំបន់ និងពិភពលោកផងដែរ។
នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើបាឋកថាក្នុងកម្មវិធី ST Lee Distinguished Lecture ប្រចាំឆ្នាំ នៅមហាវិទ្យាល័យគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីក្រុមនិស្សិត បញ្ញវន្ត សមាជិកអង្គទូតក្នុងប្រទេសសិង្ហបុរី និងអ្នកចូលរួមផ្សេងទៀត។ នៅក្នុងបាឋកថាដែលផ្តោតលើ តួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្តន៍’ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា មជ្ឈភាពអាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ាន ធ្វើអោយអាស៊ានអាចរក្សាភាពខ្លាំងរបស់ខ្លួនជាកម្លាំងស្នូលមួយនៅក្នុងតំបន់៕