Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមេចែកចាយថ្នាំញៀន២នាក់ ដកហូតថ្នាំ១៦កញ្ចប់

02-09-2016 08:49

(ភ្នំពេញ)៖ ក្រោយបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯកអគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន ម៉ក់ ជីតូ និងលោកឧត្ដមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀន ខៀវ សាម៉ន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) នៃមន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរ​ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ផ្ទះលេខ១៦៨ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដោយចាប់ខ្លូនជនសង្ស័យ២នាក់ ដកហូតថ្នាំ១៦កញ្ចប់ធំតូច។

លោក យិន បញ្ញារិទ្ធ នាយការិយាល័យ ក៩ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះមានការចូលរួមសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងក្រុងភ្នំពេញ។

លោកបានបន្តថា​ «ជាលទ្ធផលយើងបង្ក្រាបបានមួយករណី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ១. ឈ្មោះ សោម សុភ័ក្រ្ត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៦៨ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យជា មេក្លោង និងទី២.ឈ្មោះ ងួន សីហាក់ ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (អ្នកមកលេង)»

លោកថា ក្រោយការចាប់ខ្លួន កម្លាំងរបស់លោក បានដកហូតវត្ថុតាងចាប់យកគ្រឿងញៀន៣កញ្ចប់ធំ និង១៣កញ្ចប់តូចប្រភេទមេតំហ្វេតាមីន (ICE) ទឹកកក។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងគ្រឿងញៀន យើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រុងភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕