(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨-កុម្ភៈ-២០២៤នេះ បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលអំពីនិន្នាការ និងតម្រូវការរបស់ទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។
ក្នុងនោះក៏មានការចូលរួមពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ គណៈអ៉ីមាំរាជធានីភ្នំពេញ វិស័យឯកជននៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់រាជធានីភ្នំពេញ និងភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍សរុប១៨០នាក់ នៅសណ្ឋាគារភ្នំពេញ។
លោក ប៉ាក់ សុខុម បានគូសបញ្ជាក់ពីសក្តានុពលនៃទេសចរណ៍មូស្លីម ដែលក្រសួងទេសចរណ៍ចាត់ទុកជាទីផ្សារមួយដ៏សំខាន់សម្រាប់គោលដៅកម្ពុជា។
លោកបានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព និងគោលនយោបាយសុខដុមនីយកម្មតាំងពីដើមរៀងមក ក្រោមមគ្គុទ្ទេសក៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាការបន្តដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានភាពលេចធ្លោមួយទៅកាន់ពិភពនៃបណ្តាប្រទេសឥស្លាម។
កិច្ចការនេះសមស្របជាមួយនឹងការដាក់ចេញនូវគំនិតផ្តួចផ្តើមរបស់លោក សុខ សូកេន បង្កើន៥ អភិវឌ្ឍ៣ (BUILD+3Ds) និងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមរបស់ក្រសួងទេសចរណ៍ បានដាក់ចេញកន្លងមកផងដែរ ដែលនឹងធ្វេីឲ្យកម្ពុជាជាគោលដៅដែលផ្តល់ភាពកក់ក្តៅ និងភាពទាក់ទាញសម្រាប់ទេសចរមូស្លីម។
លោក កាទេី មហាំម៉ាត់ណោសស្រុី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ដោយសារភ្ញៀវមូស្លីម ពួកគាត់មានតម្រូវការមួយចំនួនដូចជា ម្ហូបអាហារហាឡាល, ការបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មបែបមូស្លីជាដេីម ទាមទារឲ្យវិស័យឯកជន ភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍ យល់ដឹងអំពីនិន្នាការ និងតម្រូវការភ្ញៀវមូស្លីម។ ដូច្នេះវគ្គបណ្តុះបណ្តាលនេះសំខាន់ណាស់ គឺមានបំណងចង់ឲ្យវិស័យឯកជន និងភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍បានយល់ដឹងអំពីតម្រូវការរបស់ភ្ញៀវមូស្លីម ដេីម្បីងាយស្រួលឲ្យមូលដ្ឋានអាជីវកម្មរបស់ពួកគាត់ បានរៀបចំទទួល បដិសណ្ឋារកិច្ចលល្អប្រសេីរជូនដល់ទេសចរមូស្លីម។
លោកបានបន្ថែមថា ការទាក់ទាញទេសចរមូស្លីម មិនត្រឹមតែជំរុញកំណេីនទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយជំរុញការវិនិយោគ ជាពិសេសការវិនិយោគលេីវិស័យហាឡាល ដែលកម្ពុជាជាប្រទេសមានសក្តានុពលស្រាប់ទាំងកសិកម្ម និងឧស្សាហកម្ម។
គួររំលេចថា វគ្គបណ្តុះបណ្តាលនេះនឹងបន្តធ្វេីនៅតាមបណ្តាគោលដៅខេត្តមួយចំនួនទៀត ដូចជា សៀមរាប ព្រះសីហនុ និងខេត្តត្បូងឃ្មុំផងដែរ៕