(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Jim Jones នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International បានបង្ហាញសុទិដ្ឋិនិយម និងរំពឹងថា ការធ្វើធុរកិច្ចរវាងកម្ពុជា និអាមេរិកមានស្ថានភាពកាន់តែល្អប្រសើរ ក្រោយការជួបជជែកត្រង់ទៅត្រង់មក។
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក Jim Jones នាយកប្រតិបត្តិ នៃក្រុមហ៊ុន Jones Group International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោកនាយកប្រតិបត្តិក្រុមហ៊ុន Jones Group បានជម្រាបសម្តេចធិបតីពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺដើម្បីជួបពិភាក្សាជាមួយដៃគូ និងភាគីពាក់ព័ន្ធ អំពីការងារនៃការជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
តាមរយៈជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា, លោកនាយកប្រតិបត្តិ បង្ហាញក្តីសង្ឃឹមខ្ពស់ និងសុទិដ្ឋិនិយមក្នុងការជំរុញ និងប្រែក្លាយទំនាក់ទំនងវិស័យឯកជននៃប្រទេសទាំងពីរ ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង និងប្រកបដោយលទ្ធផលផ្លែផ្កា។ លោកនាយកប្រតិបត្តិ បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងវិស័យឯកជនកម្ពុជា-សហរដ្ឋអាមេរិក។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិ និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងអាមេរិក ទាំងក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក និងទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ដោយផ្តល់ទំនុកចិត្តចំពោះវិនិយោគិន តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជាពិសេស ជាមួយនឹងគោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។
សម្ដេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជាបានបានចាត់ទុកថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវិស័យឯកជន ក៏ដើរតួជាការទូតនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាអ្នកជួយផ្សព្វផ្សាយអំពីការពិតនៅកម្ពុជា។
ទន្ទឹមនេះសម្ដេចធិបតី ក៏បានលើកទឹកចិត្តលោកនាយកប្រតិបត្តិ បន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅកម្ពុជា។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ ចូនស៍ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបាននាំមកជាមួយអ្នកជំនាញផ្តល់ប្រឹក្សាយោបល់លើគោលនយោបាយការបរទេស, ផែនការយុទ្ធសាស្ត្រ, សន្តិសុខជាតិ និងយុទ្ធសាស្ត្រយោធា ដែលមានបទពិសោធន៍យូរឆ្នាំ។
គោលដៅធំនៃដំណើរទស្សនកិច្ចរបស់អតីតមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិករូបនេះ គឺការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យឯកជន ដែលជាចំណែកមួយដ៏ធំសម្រាប់ធ្វើឱ្យកាន់តែប្រសើរលើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។
លោកឧត្តមសេនីយ៍ ចូនស៍ ធ្លាប់ដឹកនាំបម្រើការជាមេបញ្ជាការកងម៉ារីនសហរដ្ឋអាមេរិក (Marine Corps) ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣, ជាមេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុបនៅអង្គការ NATO ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ជាមេបញ្ជាការនៃបញ្ជាការដ្ឋានកិច្ចការអឺរ៉ុប និងអាហ្វ្រិករបស់ សហរដ្ឋអាមេរិក (US European and African Command) នៅប្រទេសអាឡឺម៉ង់ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧, ប្រេសិតពិសេសនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខតំបន់មជ្ឈិម បូព៌ាចាប់ពី២០០៧ ដល់ឆ្នាំ២០០៨, និង ជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកចាប់ពី ឆ្នាំ២០០៩ ដល់ឆ្នាំ២០១០។
ឧត្តមសេនីយ៍ ចូនស៍ បានក្លាយជាអ្នកតស៊ូមតិប្រកបដោយបរិយាប័ន្នសម្រាប់វិស័យឯកជនក្នុងបញ្ហាសន្តិសុខជាតិ និងគោលនយោបាយការបរទេស, លើកទឹកចិត្តបង្កើនកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន, និងមានឆន្ទៈក្នុងការរក្សាភាពជាអ្នកដឹកនាំសកលរបស់សហរដ្ឋអាមេរិក ក្នុងសតវត្សរ៍ពោរពេញទៅដោយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
ឧត្តមសេនីយ៍ ចូនស៍ បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់ខ្លួនបម្រើ និងការពារឧត្តមភាពរបស់សហរដ្ឋអាមេរិក និងប្រជាជនរបស់ខ្លួន។ លោក គឺជាបុគ្គលមួយរូបដែលត្រូវបានគេនឹកដល់នៅពេល ដែលពិភាក្សាអំពីគំនិតប្រាជ្ញា យោបល់ណែនាំ និងការគាំទ្រផ្នែកនយោបាយ។ ក្នុងនាមជាអតីតមេបញ្ជាការ នៃបញ្ជាការដ្ឋានកិច្ចការអឺរ៉ុបរបស់សហរដ្ឋអាមេរិក (U.S. European Command) និងជាមេបញ្ជាការ កំពូលនៃកងកម្លាំងសម្ព័ន្ធមិត្តអឺរ៉ុប (Supreme Allied Commander Europe) លោកបានដឹកនាំគ្រប់ប្រតិបត្តិការយោធាទាំងអស់របស់អង្គការ NATO និងជាបន្ទាប់ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិ លោក បានផ្ដល់នូវចក្ខុវិស័យជាមួយនឹងភាពអ្នកដឹកនាំច្បាស់លាស់មោះមុត ចំពោះបេសកកម្មរបស់អាមេរិកនៅអ៉ីរ៉ាក់ (Iraq) និងសង្គ្រាមនៅអាហ្វហ្គានីស្ថាន (Afghanistan) និងផលប្រយោជន៍របស់ប្រទេសជុំវិញពិភពលោក។
លោកឧត្តមសេនីយ៍ ចូនស៍ បានបញ្ចប់ការសិក្សាពីសាលាកិច្ចការបរទេសនៃសាកលវិទ្យាល័យ Georgetown (Georgetown University School of Foreign Service) ហើយត្រូវបានបញ្ចូនទៅបម្រើការនៅកងម៉ារីន (Marine Corps) នៅខែមករា ឆ្នាំ១៩៦៧។ ក្រោយពេលចូលនិវត្តន៍នៅខែកុម្ភៈ ឆ្នាំ២០០៧ អតីតយុទ្ធជនក្នុងសង្គ្រាមវៀតណាមរូបនេះ បានក្លាយជាប្រធាន និងនាយកប្រតិបត្តិ នៃវិទ្យាស្ថានថាមពលសម្រាប់សតវត្សរ៍ទី២១ (Institute for 21st Century Energy) ស្ថិតក្រោមសភាពាណិជ្ជកម្មអាមេរិក និងនៅឆ្នាំ២០០៨ លោកបានបម្រើការជាប្រេសិតពិសេសរបស់ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខតំបន់មជ្ឈិមបូព៌ា។ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ លោកបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី អូប៉ាម៉ា (Obama) នៅសេតវិមាន៕