(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសេចក្តីណែនាំស្តីពីការអនុវត្តជាបណ្តោះអាសន្ន សម្រាប់រថយន្តសណ្ដោងសឺមីរ៉ឺម៉ក ដែលមាន ភ្លៅ៦(ប្រាំមួយ)ឡើង អាចដឹកជញ្ជូនរហូតដល់ទម្ងន់ ៤៥តោន នៅលើបណ្ដាញផ្លូវជាតិ១(មួយ)លេខ និងផ្លូវជាតិ២(ពីរ)លេខ បានហើយ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅរសៀលនេះបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំ និងដាក់ចេញនូវយន្តការមួយចំនួនសម្រាប់អនុវត្ត ដូចខាងក្រោម៖

១៖ អនុញ្ញាតឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ដែលមានរថយន្តសណ្តោងសឺមីរ៉ឺម៉ក ចាប់ពីភ្លៅ៦(ប្រាំមួយ)ឡើងទៅអាចដឹកជញ្ជូនលើបណ្ដាញផ្លូវជាតិ ១(មួយ)លេខ និងផ្លូវជាតិ២(ពីរ)លេខ រហូតដល់ទម្ងន់ ៤៥តោន ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ រហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី។

២៖ ចំពោះរថយន្ត និងរថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅតិចជាង ៦(ប្រាំមួយ) ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
ជាធរមានដដែល។

៣៖ មន្ត្រីប្រចាំការនៅតាមអង្គភាពស្ថានីយថ្លឹងរថយន្តនីមួយៗ និងមន្ត្រីក្រុមជញ្ជីងចល័ត ត្រូវទទួលបន្ទុកធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវម៉ឹងម៉ាត់ និងត្រូវសម្របសម្រួលលើការអនុញ្ញាត ដល់ការដំឡើងកម្រិតទម្ងន់ដូចបានកំណត់ក្នុងចំណុចទី១ខាងលើ ឱ្យមានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ព្រមទាំងប្រកបដោយស្មារតីមនសិការវិជ្ជាជីវៈដែលមានការទទួលខុស ត្រូវខ្ពស់បំផុត ដើម្បីធានាចីរភាពដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ឱ្យបានគង់វង្សតាមអាយុកាលបច្ចេកទេសកំណត់។

៤៖ សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា សមាគមភ្នាក់ងារបញ្ចូនទំនិញកម្ពុជា សមាគម ភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ត្រូវសហការជាមួយមន្ត្រីអង្គភាពស្ថានីយថ្លឹងរថយន្ត និងមន្រ្តីក្រុមជញ្ជីងចល័តដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យទម្ងន់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅតាម គោលដៅនីមួយៗ ឱ្យមានសង្គតិភាពយ៉ាងត្រឹមត្រូវ និងត្រូវអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តី ពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

៥៖ ក្នុងករណីដែលមន្ត្រីប្រចាំការនៅតាមអង្គភាពស្ថានីយថ្លឹងរថយន្តនីមួយៗ និងមន្ត្រីក្រុមជញ្ជីង ថ្លឹងរថយន្តចល័តណាមួយមិនអនុវត្តតាមសេចក្ដីណែនាំនេះ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬ ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ អាចជូនដំណឹងមកក្រសួងសាធារណការ និងដឹកជញ្ចូន តាមរយៈ ហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ (https://www.facebook.com/ mpwt.gov.kh) ឬទូរស័ព្ទលេខៈ១២៧៥។ ប្រភេទរថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅ៦(ប្រាំមួយ) និងប្រភេទផ្លូវជាតិ១ (មួយ)លេខ និងផ្លូវជាតិ២ (ពីរ)លេខ មានកំណត់បញ្ជាក់លម្អិតក្នុងឧបសម្ព័ន្ធភ្ជាប់នៃសេចក្ដីណែនាំនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា សមាគមភ្នាក់ងារបញ្ចូនទំនិញកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តដឹកជញ្ចូនធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃ សេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ត្រឹមត្រូវ ម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕