(ភ្នំពេញ)៖ មន្រ្តីយោធាម្នាក់ និងសន្តិសុខដែលយាមប្រចាំការនៅហាងខារ៉ាអូខេ ពីរ៉ាមីន ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួន២គ្រាប់ នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។
សម្រាប់ករណីនេះត្រូវបានសមត្ថកិច្ចជំនាញ ដាក់ការសង្ស័យថា អាចផ្តើមចេញពីរឿងគំនុំ ដណ្តើមទ្រព្យសម្បត្តិជាមួយប្រពន្ធរបស់ខ្លួន ដែលកំពុងលែងលះគ្នា នៅឯតុលាការ។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះថា ជនរងគ្រោះមានឈ្មោះ លី សុងហេង អាយុជាង៥០ឆ្នាំ រស់នៅផ្ទះវីឡា ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លោកបានបន្តថា ជនរងគ្រោះជាមន្រ្តីយោធាម្នាក់តែឥឡូវ ហាក់បីដូចជាខូចចិត្ត ហើយដូចជាបានឈប់ពីការងារ គិតតែដើរផឹកសីុតាមហាង។
ជនរងគ្រោះមានកូនប្រុស២នាក់ និងកំពុងតែលែងលះជាមួយប្រពន្ធ នៅឯតុលាការ រឿងចែកទ្រព្យសម្បត្តិ តែមិនទាន់ដាច់ស្រេច។ មុនពេលកើតហេតុ ជនរងគ្រោះទៅច្រៀងនៅខារ៉ាអូពីរ៉ាមីន ហើយរាល់ដងតែងតែជិះ តាក់សីុទៅផ្ទះ ប៉ុន្តែយប់មិញ អត់មានតាក់សីុ ក៏ពឹងសន្តិសុខហាង ឲ្យជួយជូនទៅ ស្រាប់តែកំពុងជិះតាមផ្លូវ ក៏លេចមុខជនបង្ក មកបាញ់២គ្រាប់ បណ្តាលឲ្យចំ៤កន្លែង រួចក៏ផ្លាតត្រូវសន្តិសុខនោះដែរ។
ក្រោយបាញ់ប្រហារហើយ ជនបង្កបានបើកម៉ូតូគេចខ្លួនបាត់ទៅ ខណ:នេះកម្លាំងនគរបាល កំពុងតាមស្រាវជ្រាវ។ សម្រាប់ជនរងគ្រោះទាំង២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត៕