(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានបង្ហាញទស្សនៈដូចគ្នាថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាគន្លឹះដ៏ចាំបាច់សម្រាប់កិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។
ទស្សនៈនេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសមរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនេះ លោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភា បានសម្តែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី។ លោក បានអបអរសាទរជូនចំពោះសម្តេចធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា។
លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាងឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។
បន្ថែមលើនេះ លោកប្រធានព្រឹទ្ធសភា ក៏បានស្នើសម្តេចធិបតីចែករំលែកទស្សនទានគន្លឹះ និងបទពិសោធន៍ ដែលនាំឱ្យកម្ពុជា សម្រេចបានការអភិវឌ្ឍ និងរក្សាបានអត្រាកំណើនសេដ្ឋកិច្ចល្អបែបនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណភាគីម៉ាឡេស៊ីចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ សម្តេចធិបតី បានគូសបញ្ជាក់ថា សម្តេច និងលោក អាន់វ៉ា ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។
សម្ដេចធិបតី ក៏បានជម្រាបជូនប្រធានព្រឹទ្ធសភាម៉ាឡេស៊ី អំពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនាពេលថ្មីៗកន្លងទៅនេះ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងថ្លែងអំណរគុណម៉ាឡេស៊ី ចំពោះការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។
ឆ្លើយតបទៅនឹងការស្នើរបស់ប្រធានព្រឹទ្ធសភាស្វែងយល់អំពីទស្សនទានគន្លឹះ និងបទពិសោធន៍ នៃការអភិវឌ្ឍ និងរក្សាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្ដេចធិបតីបានគូសបញ្ជាក់ថា កត្តាសំខាន់បំផុតគឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលត្រូវតែធានា និងរក្សាឱ្យបានប្រកបដោយចីរភាព និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ សម្រាប់បរិបទកម្ពុជា សន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពីការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបញ្ចប់សង្គ្រាមការបែកបាក់ជាតិក្នុងរយៈពេល៥សតវត្ស និងជួយឱ្យកម្ពុជា រក្សាបានកំណេីនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខ្លួន។
លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានឯកភាព នឹងការលើកឡើងរបស់សម្តេចធិបតី ដែលបានចាត់ទុក សន្តិភាព ជាកត្តាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បញ្ជាក់បន្ថែមថា ព្រឹទ្ធសភាម៉ាឡេស៊ី រង់ចាំស្វាគមន៍ដោយក្តីរីករាយ ចំពោះដំណេីរផ្លាស់ប្តូរទស្សនកិច្ចរវាងគណៈប្រតិភូព្រឹទ្ធសភានៃប្រទេសទាំងពីរនាពេលអនាគត៕