(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា សម្រាប់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធ នឹងវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-ម៉ាឡេស៊ី បានផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំង នឹងព័ត៌មានឆបោកតាមអ៉ីនធើណិត។
លោករដ្ឋមន្រ្តីប្រតិភូ បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
លោកបានបញ្ជាក់ថា «ពាក់ព័ន្ធនឹងវិស័យការពារជាតិ និងសន្តិសុខវិញ កម្ពុជា-ម៉ាឡេស៊ី មូលមតិគ្នាលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ពិសេសទាក់ទិននឹងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានឆបោកតាមអ៉ីនធើណិត»។
សម្តេចធិបតី បានអរគុណម៉ាឡេស៊ី ចំពោះការឧបត្ថម្ភគាំទ្រចំពោះកិច្ចការជាច្រើន រួមទាំងបញ្ហាពលករនៅប្រទេសម៉ាឡេស៊ី។ ចុងបញ្ចប់នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះអនាគត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី និងបញ្ជាក់យ៉ាងច្បាស់ នូវសុឆន្ទៈរួមក្នុងការប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យមានកម្រិតខ្ពស់ទៅចាប់ពីពេលនេះតទៅ។
កម្ពុជា-ម៉ាឡេស៊ី ដែលជាប្រទេសមានទំនាក់ទំនងការទូតជាមួយគ្នា របស់រយៈពេល៦៧ឆ្នាំមកហើយ ក៏ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម ក៏បានជជែកពិភាក្សា និងចរចា លើសំណុំរឿងជាច្រើនរួមមាន នយោបាយ សន្តិសុខ ពាណិជ្ចកម្ម វិនិយោគ ទេសចរណ៍ និងឧស្សាហកម្មម្ហូបអាហារហាឡាល់ ការងារ បច្ចេកវិទ្យាព័ត៌មានផងដែរ៕