(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចាត់ទុកថា ទស្សកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសម៉ាឡេស៊ី ជាទស្សនកិច្ចរយៈពេលខ្លី សកម្ម និងមមាញឹក ដូចទៅនឹងប្រទេសថៃដែរ។
ម៉ាឡេស៊ី ជាប្រទេសទី៣ ក្នុងចំណោមសមាជិកអាស៊ាន ដែលសម្តេចធិបតី បានបំពេញទស្សនកិច្ច បន្ទាប់ពីប្រទេសវៀតណាម និងប្រទេសថៃ ក្រោយពេលចូលកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីខែសីហា ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញលទ្ធផល នៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហ្សង់ ហ្វ្រង់សរ តាន់៖ បានបញ្ជាក់ដូច្នេះថា៖ «ទស្សកិច្ចនៅម៉ាឡេស៊ីរបស់សម្តេចធិបតី ជាទស្សនកិច្ចខ្លី សកម្ម និងមមាញឹក ស្រដៀងគ្នាទៅនឹងទស្សនកិច្ចនៅថៃ កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះដែរ»។
លោករដ្ឋមន្រ្តីប្រតិភូអម បានបញ្ហាអំពីជំនួបរវាងសម្តេចធិបតី និងឥស្សរជនសំខាន់ៗរបស់ម៉ាឡេស៊ី។ ជាមួយគ្នានេះ លោកក៏បានបង្ហាញផ្លែផ្កា នៃទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងនយោបាយជាដើម។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីប្រតិភូអម ក៏បានរំលឹកផងដែរអំពីជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកអាន់វ៉ា អ៉ីប្រាហ៉ីម ដែលបានធ្វើឡើងចំនួន៣ដងមកហើយ បូករួមទាំងទស្សនកិច្ចនៅម៉ាឡេស៊ី នាពេលនេះ៕