(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លោក ជីវ កេង ប្រធានតុលាការកំពូល និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត» ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នទាំងពីរប្រមាណ ២០០នាក់។
អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណង ២ សំខាន់ រួមមាន (១) ដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាលនិងសេវារដ្ឋាភិបាលឌីជីថល (DGPs) សម្រាប់ប្រើប្រាស់ក្នុងស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល និង (២) រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល។
ពិធីចុះហត្ថលេខាអនុស្សរណៈនេះ បានបង្ហាញឱ្យឃើញអំពីការចូលរួមរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលជាស្ថាប័នយុត្តិធម៌កំពូល ជាមួយនឹង ក.ប.ទ. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងនាមជាអង្គការនីតិប្រតិបត្តិ រួមគ្នាជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងរំហូរការងារ កាត់បន្ថយភាពស្មុគស្មាញក្នុងការងាររដ្ឋបាលប្រចាំថ្ងៃ ជាពិសេស ផ្តល់ភាពងាយស្រួលនិងជំនឿទុកចិត្តដល់ប្រជាពលរដ្ឋដែលត្រូវទទួលសេវាយុត្តិធម៌នៅតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល តាមរយៈការប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្ទៀងផ្ទាត់ឯកសារនានារបស់ស្ថាប័នតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ព្រមទាំងការប្រើប្រាស់ ថ្នាលនិងសេវារដ្ឋាភិបាលឌីជីថល (DGPs) ផ្សេងទៀតដែលអភិវឌ្ឍដោយ ក.ប.ទ.។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយប្រព័ន្ធសុខាភិបាលឌីជីថល របស់ព្រះរាជាណាចក្រថៃទទួលបានមេដាយប្រាក់ និងប្រព័ន្ធសំបុត្រកំណើតនិងសំបុត្រមរណភាព របស់ប្រទេសសិង្ហបុរីទទួលបានមេដាយសំរឹទ្ធ៕