Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាឲ្យអាវុធហត្ថភ្នំពេញ ទប់ស្កាត់ឲ្យបានសកម្មភាពបង្កចលាចល ដល់សង្គមជាតិកម្ពុជា ដែលរារាំងការចុះឈ្មោះបោះឆ្នោត

01-09-2016 22:01

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ គឺជាថ្ងៃដំបូងដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចាប់ផ្តើមដំណើរការឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ក៏ដូចជាបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨។

ជាមួយគ្នានោះផងដែរ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំណែនាំ ដល់មន្ត្រីក្រោមឱវាទលោកទាំងអស់ ឲ្យត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាទប់ស្កាត់ឲ្យបាន រាល់សកម្មភាពបង្កចលាចល ដល់សង្គមជាតិកម្ពុជា ឬសកម្មភាពប្រឆាំង ក្នុងគោលបំណងរារាំង ដល់ដំណើរការចុះឈ្មោះបោះឆ្នោត និងសកម្មភាពប្រមូលផ្តុំដោយទុច្ចរិចផ្សេងៗ ដើម្បីអុកឡុកដល់សុខសន្តិភាពរបស់សង្គម ឬចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នាពេលបច្ចុប្បន្ន។

លើសពីនេះទៅទៀត ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសង្កត់ធ្ងន់ថា « កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យបានម៉ឹងម៉ាត់ ប្រកបដោយឆន្ទៈម្ចាស់ការ ដើម្បីរង់ចាំទទួលបទបញ្ជាថ្នាក់លើគ្រប់ពេលវេលា»។


សូមជម្រាបថា ការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកដែលមិនបានទៅចុះឈ្មោះបោះឆ្នោត គឺគ្មានសិទ្ធិបោះឆ្នោតនោះទេ។ យោងតាមស្ថិតិរបស់ គ.ជ.ប បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋជាង ១៥លាននាក់ មានអ្នកគ្រប់អាយុបោះឆ្នោតចាប់ពី ១៨ឆ្នាំឡើង ទៅប្រមាណ ៩,៦៦៤,២១៤នាក់៕