(ម៉ាឡេស៊ី)៖ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការជាមួយកម្មវិធីដ៏មមាញឹកពេញមួយថ្ងៃនៅប្រទេសម៉ាឡេស៊ី មកដល់ក្បាលព្រលប់ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចនេះហើយជាមួយលទ្ធផលដ៏គាប់ប្រសើរជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានឈប់សម្រាកនៅម៉ាឡេស៊ីនោះឡើយ គឺដឹកនាំគណៈប្រតិភូធ្វើដំណើរត្រឡប់មកកម្ពុជាវិញទាំងយប់ផងដែរ។ ជូនដំណើរនិវត្តន៍របស់សម្តេចធិបតី និងគណៈប្រតិភូ នៅឯអាកាសយានដ្ឋានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានការជូនដំណើរដោយមន្ត្រីជាន់ខ្ពស់របស់ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅម៉ាឡេស៊ី និងមន្ត្រីស្ថានទូតជាច្រើនរូបផ្សេងទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជ្រើសយកប្រទេសម៉ាឡេស៊ី ជាទី៣ក្នុងតំបន់អាស៊ីអាគ្នេយ៍ ធ្វើដំណើរទស្សនកិច្ចក្នុងបំណងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលក្នុងវិស័យសំខាន់ៗជាច្រើនរូបពាក់ព័ន្ធការវិនិយោគ ថាមពល ការងារ កសិកម្ម ឧស្សាហកម្ម ធនាគារ... ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ទស្សនកិច្ចរបស់សម្តេចធិបតីនៅប្រទេសម៉ាឡេស៊ី ក៏ដូចទៅនឹងប្រទេសថៃកាលពីដើមខែកុម្ភៈដែរ គឺទស្សនកិច្ចរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ តែកម្មវិធីមានច្រើនហូរហែមានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ពោលរយៈពេលមួយថ្ងៃតែចាយមិនឱ្យសល់នោះឡើយ។
អញ្ជើញដល់ប្រទេសម៉ាឡេស៊ី សម្តេចធិបតី និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ីតាំងពីនៅព្រលានយន្តហោះ។ បន្ទាប់មកសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលបានការរៀបចំពិធីបដិសណ្ឋារកិច្ចជាផ្លូវការដោយលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ពិធីបដិសណ្ឋារកិច្ចផ្លូវការត្រូវបានរៀបចំប្រកបដោយកិត្តិយសកងកិត្តិយស កងត្រែទ័ព មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលត្រូវបានយកមកឈរជារបង និងប្រគំភ្លេង ដើម្បីស្វាគមន៍សម្តេចធិបតី ខណៈព្រំពណ៌ក្រហមឆ្អិនឆ្អៅ ត្រូវបានក្រាលជាកម្រាលទ្រដំណើរសម្តេចធិបតីលើដីម៉ាឡេស៊ីលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម អមដោយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបើកកិច្ចប្រជុំទ្វេភាគី ដោយបានពិភាក្សាទៅលើបញ្ហាជាច្រើន ស្វះស្វែងរកកាលានុវត្តន៍ភាពថ្មីលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាលើវិស័យសេដ្ឋកិច្ចដោយផ្តោតលើការបង្កើនទំហំវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងថាមពល។
ពាក់ព័ន្ធការវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី និងលោក អាន់វ៉ា សុទ្ធតែបានមើលឃើញដូចគ្នាពីសារៈសំខាន់លើការបង្កើនទំហំវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនៅមានកម្រិតទាបនៅឡើយ ហើយត្រូវសម្លឹងរកវិស័យមានសក្តានុពលដទៃទៀត ដើម្បីពង្រីកសកម្មភាព។
ពាក់ព័ន្ធនឹងទេសចរណ៍ សម្តេចធិបតី និងលោក អាន់វ៉ា បានព្រមព្រៀងគ្នាពង្រីកការហោះហើរត្រង់ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នមានការហោះហើរត្រង់រវាងប្រទេសទាំងពីរចំនួនប្រមាណ ៤៧ជើងក្នុងមួយសប្តាហ៍។
ពាក់ព័ន្ធថាមពលវិញ សម្តេចធិបតី និងលោក អាន់វ៉ា ក៏បានព្រមព្រៀងពង្រីកតភ្ជាប់ខ្សែបញ្ជូនចរន្តអគ្គិសនីក្រោមបាត់សមុទ្រ ដោយតភ្ជាប់ពីកម្ពុជា ទៅសិង្ហបុរី ហើយបន្តពីសិង្ហបុរី ទៅម៉ាឡេស៊ី ដើម្បីធានាបានការផ្គត់ផ្គត់ប្រភពថាមពលអគ្គិសនី ដែលជាថាមពលស្អាតពីប្រទេសឡាវ និងប្រទេសកម្ពុជា។
ក្នុងក្របខ័ណ្ឌ វិស័យការពារជាតិ និងសន្ដិសុខ កម្ពុជា និងម៉ាឡេស៊ី កម្ពុជា និងម៉ាឡេស៊ី បានឯកភាពលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា។
កម្ពុជា និងម៉ាឡេស៊ី ក៏បានឯកភាពពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នាពេលខាងមុខ ដែលដឹកនាំរួមគ្នាដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោក អាន់វ៉ា ក៏បានបង្ហាញការពេញចិត្តលើទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមានអាយុ៦៧ឆ្នាំ ក្នុងឆ្នាំ២០២៤នេះ។ ថ្នាក់ដឹកនាំកម្ពុជា និងម៉ាឡេស៊ី បានសម្តែងសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាពេលនេះ។
បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ រវាងធនាគារជាតិកម្ពុជា និងធនាគារកណ្តាលរបស់ម៉ាឡេស៊ី។ អនុស្សារណៈនេះ មានវិសាលភាពគ្របដណ្តប់លើទម្រង់ជាច្រើន ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់នៃប្រទេសទាំងពីរ រាប់បញ្ចូលទាំងការតភ្ជាប់ការទូទាត់ក្នុងស្រុករវាងប្រទេសទាំងពីរ ដើម្បីបើកលទ្ធភាពដល់ការទូទាត់ឆ្លងដែនតាម QR Code។
តាមរយៈអនុស្សារណៈនេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋម៉ាឡេស៊ី អាចធ្វើការទូទាត់ដោយស្កេន QR Code នៅក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេន QR Code នៅក្នុងប្រទេសម៉ាឡេស៊ីទៅវិញទៅមកផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ ព្រមទាំងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរ ដែលទទួលយកការទូទាត់តាម QR Code ប្រមាណ ៥លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្មខ្នាតតូចផងដែរ នឹងទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះ។ អនុស្សារណៈយល់យោគគ្នានេះ ជាជំហានថ្មីមួយក្នុងគំនិតផ្តួចផ្តើមតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់អាស៊ាន ដែលស្របទៅនឹងទិសដៅយុទ្ធសាស្ត្ររបស់ប្រទេស G20 ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែន។
បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយនោះ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញបង្គំគាល់ព្រះមហាក្សត្រទី១៧ របស់ម៉ាឡេស៊ី ព្រះអង្គម្ចាស់ Sultan Ibrahim ibni Almarhum Sultan Iskandar។ បន្ទាប់មកជួបសម្តែងការគួរសមជាមួយលោក Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី និងលោក YB Tan Sri Dato’ (Dr.) Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី។
វេទិកាធុរកិច្ចជារបៀបវារៈដ៏សំខាន់រាល់ដំណើរទស្សនកិច្ចនៅក្រៅប្រទេស សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤។
វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី។
ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងស្ថាប័នពាក់ព័ន្ធ សរុបជាង ៤០០នាក់ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងរួម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឡើងថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធគោលនយោបាយលើការវិនិយោគ និងបរិយាកាសអំណោយផលនៃការធ្វើធុរកិច្ចនៅកម្ពុជា។
ក្នុងពិធីនេះ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ចំនួន២រួមមាន៖ អនុស្សារណៈយោគយល់ទី១ គឺចុះជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី និង អនុស្សារណៈយោគយល់ទី២ គឺចុះជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា។ ការចុះអនុស្សារណៈនេះ មានគោលដៅចូលរួមលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ក៏ដូចជា ជំរុញកាលានុវត្តភាពធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។
មុនឡើងយន្តហោះត្រឡប់មកកម្ពុជាវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Dato' Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ធនាគារ Maybank បានចាប់ផ្ដើមសកម្មភាពធុរកិច្ចនៅកម្ពុជាពីខែធ្នូ ឆ្នាំ១៩៩៣ ជាមួយការបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។ Maybank បានពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន ដោយរួមបញ្ចូលអាជីវកម្មក្នុងស្រុក ផ្តល់នូវសេវាកម្មធនាគារសម្បូរបែប សម្រាប់ទីផ្សារដ៏ធំទូលាយ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យពាណិជ្ជកម្ម និងសាជីវកម្ម។
បច្ចុប្បន្ន ធនាគារ Maybank មានសាខារបស់ខ្លួនរហូតដល់ ២១សាខា។ ក្នុងនោះ ១៣សាខា ស្ថិតនៅក្នុងរាជធានីភ្នំពេញ៕