(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញចំនួន០៥វគ្គ សម្រាប់ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង លោកលោក ស្រីអនុផែន លោក លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងសិក្ខាកាមសរុប៦០០នាក់។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងដោយបានណែនាំឱ្យសិក្ខាកាមត្រូវខិតខំប្រឹងប្រែងរៀនសូត្រក្រេបចំណេះដឹងឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងសមត្ថភាពជំនាញក្នុងការយកចំណេះដឹងទាំងនេះ ដើម្បីយកទៅអនុវត្តការងារចៀសវាងកុំឱ្យខុសទៅនឹងច្បាប់ខុសនីតិវិធី ឬខុសក្នុងពេលចុះប្រតិបត្តិការ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងទៀតថា មន្រ្តីនគរបាលយុត្តិធម៌ត្រូវមានចំណេះដឹង ច្បាប់ និងនីតិវិធី និងជំនាញឱ្យបានច្បាស់លាស់ក្នុងនោះការងាររៀនសូត្រជាការងារសំខាន់សម្រាប់មន្រ្តីនគរបាលអនុវត្តច្បាប់ និងមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីយកចំណេះជំនាញទាំងនេះបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងមិនត្រូវធ្វើជាមន្រ្តីផ្តល់អយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋនោះឡើយ។
សូមបញ្ជាក់ថា វគ្គបណ្តាលបំប៉នជំនាញទាំង៥ គឺសិក្ខាកាមសិក្ខារៀនសូត្រមេរៀនក្នុងផ្នែកមួយចំនួនលើការងារជំនាញ ព្រហ្មទណ្ឌ, ការងារសណ្តាប់ធ្នាប់ចរាចរណ៍, ការងារអត្តសញ្ញាណកម្ម, ការងារការពារ និងប្រឆាំងការជួញដូរមនុស្ស, ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន, វិធានការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ, ការងារនគរបាលសហគមន៍,តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល, បទបញ្ជាផ្ទៃក្នុង, វិន័យកងកម្លាំងនគរបាលជាតិលេខ០០៦ បបជ, លំហាត់របៀប។
វគ្គបណ្តុះបណ្តាលនេះផងដែរ មានរយៈពេល៣០ថ្ងៃ បង្រៀនដោយគ្រូឧទ្ទេសនាមចំនួន២០នាក់ ជាលោក លោកស្រីនាយ នាយរងការិយាល័យជំនាញ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕