(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហុងកុង ដោយលទ្ធផល ៤-២ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិទើបបញ្ចប់មុននេះបន្ដិច នៅកីឡដ្ឋាន Mong Kok នៃទីក្រុងហុងកុង ហើយនេះក៏ជាលើកទី៥ ដែរ ដែលកម្ពុជាបរាជ័យក្រោមថ្វីជើងក្រុមហុងកុង ក្នុងចំណោមលទ្ធផលធ្លាប់ជួបគ្នា ៦ប្រកួតទាំងលើកនេះ ដោយក្រុមគោព្រៃកម្ពុជា ធ្លាប់ឈ្នះម្ដងគត់ដោយលទ្ធផល ២-១ ក្នុងជំនួបពានរង្វាន់ AFC Asain Cup កាលពីឆ្នាំ១៩៧២ ។
ជំនួបមិត្តភាពនេះ ក្រុមម្ចាស់ផ្ទះហុងកុង បានបើកឆាកនាំមុខ ១គ្រាប់មុនត្រឹមនាទី១១ ដែលធ្វើសម្រេចដោយកីឡាករ Jaimaes Mckeo មុននឹងខ្សែបម្រើវ័យក្មេងកម្ពុជា ច្រឹង ពលរដ្ឋ វាយបកតាមស្មើ ១-១ នៅនាទី២០ ។ បន្ទាប់មកទើបហុងកុងបានបន្ថែម ២គ្រាប់ទៀតមុនបញ្ចប់តង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Itaparica នៅនាទី៣១ និងកីឡាករ Alessandro ធ្វើសម្រេចគ្រាប់ទី៣ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រនៅនាទី៤២ ក្រោយកីឡាករ ច្រឹង ពលរដ្ឋ បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ។
ឈានចូលតង់ទី២ ថ្វីត្បិតកីឡាករក្រុមភ្ញៀវកម្ពុជាមានមាឌតូចជាក្រុមហុងកុងក៏ពិតមែន រហូតតាមបាន ១គ្រាប់វិញ ដែលតែតបញ្ចូលទីដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី៦១ បន្ទាប់ពីទទួលបានបាល់ពីកីឡាករ ប្រាក់ មុន្នីឧត្តម ។ ប៉ុន្ដែគួរឲ្យសោកស្ដាយឈានដល់នាទីទី៨៦ កីឡាករហុងកុង Kwan Yee បានបន្ថែម ១គ្រាប់ទៀត ដែលជាគ្រាប់ចុងក្រោយធ្វើឲ្យហុងកុង យកឈ្នះក្រុមគោព្រៃកម្ពុជា ៤-២ តែម្ដង ។
គួរបញ្ជាក់ថា នេះគឺជាការប្រកួតដកស្រង់បទពិសោធន៍របស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅពាក់កណ្ដាលខែតុលាខាងមុខនេះ ដោយត្រូវប្រជែងកៅអីជុំបន្ដជាមួយក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងក្រុមជម្រើសជាតិទីម័រខាងកើត ៕