(ម៉ាឡេស៊ី)៖ រាល់ដំណើរទស្សនកិច្ចក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនដែលរំលងឡើយកម្មវិធីពាក់ព័ន្ធការធ្វើធុរកិច្ច ដើម្បីជំរុញដល់សកម្មភាពវិនិយោគ និងពាណិជ្ជ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤។
វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី សហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី។
ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងស្ថាប័នពាក់ព័ន្ធ សរុបជាង ៤០០នាក់ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពសហប្រតិបត្តិការលើគម្រោងរួម។
ក្នុងពិធីនេះ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ចំនួន២រួមមាន៖ អនុស្សារណៈយោគយល់ទី១ គឺចុះជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី និង អនុស្សារណៈយោគយល់ទី២ គឺចុះជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា។ ការចុះអនុស្សារណៈនេះ មានគោលដៅចូលរួមលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ក៏ដូចជា ជំរុញកាលានុវត្តភាពធុរកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី៕