(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានសេចក្តីក្រៀមក្រំ និងសោកស្ដាយជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
ទូលព្រះបង្គំ សូមចូលរួមរំលែកមរណទុក្ខជាមួយសម្ដេចព្រះគណៈសង្ឃនាយក សម្តេច ព្រះរាជាគណៈគ្រប់ឋានានុក្រម ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ចំពោះការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ការយាងចូលទិវង្គតរបស់សម្តេច គឺជាការបាត់បង់ដ៏ធំធេងរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដែលសម្តេចបានលះបង់កម្លាំងព្រះកាយ ព្រះប្រាជ្ញាស្មារតី ពេញមួយព្រះជន្មរបស់ព្រះអង្គ បូជាចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿង។
ទូលព្រះបង្គំ សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ៕