(សិង្ហបុរី)៖ ស្ថានទូតចិនប្រចាំនៅសិង្ហបុរី នាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា មានជនជាតិចិនចំនួន២៣នាក់ ដែលរស់នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរ៉ុស Zika, នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា មានជនជាតិបរទេសចំនួន៥៧ ក្នុងចំណោមអ្នកផ្ទុកវីរ៉ុសទាំង១១៥នាក់ នៅក្នុងប្រទេសសិង្ហបុរី ហើយក្នុងនោះមាន២៣នាក់ជាជនជាតិចិន និងម្នាក់ជាជនជាតិតៃវ៉ាន់។ ក្រសួងបន្ថែមថា ជនជាតិបរទេសទាំង៧នាក់ ដែលត្រូវបានធ្វើតេស្តបង្ហាញថាមានផ្ទុកវីរ៉ុស Zika ក្នុងប្រទេសសិង្ហបុរី «មានសភាពស្រាល» ហើយភាគច្រើននៃពួកគេ បានជាសះស្បើយហើយ។
វីរ៉ុស Zika កំពុងសម្រុកកើនឡើងខ្លាំង នៅសិង្ហបុរី ជាមួយនឹងករណីចម្លងក្នុងប្រទេស១១៥ករណី ក្នុងនោះរួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ ជាលើកដំបូងផងដែរ។ នេះបើតាមទិន្នន័យដែលបញ្ជាក់ដោយ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីយប់ថ្ងៃពុធ។
«យើងរំពឹងថា ករណីវីរ៉ុស នឹងលេចឡើងចេញមកពីតំបន់ផ្សេងៗទៀត» នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Gan Kim Yong បានឲ្យដឹងតាមរយៈរបាយការណ៍៕