(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់បណ្តាញសង្គមមួយថា អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើតចូលមកធ្វើផ្ទះបណ្តែតទឹក ពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់...កម្ពុជាអើយតទៅមុខទៀតទៅជាយ៉ាងណាទៅ។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញមកពន្យល់ថា៖
*ទី១៖ ឃុំកំពង់លួង ជាឃុំបណ្ដែតទឹកដែលមានប្រជាពលរដ្ឋរស់នៅ លើផ្ទៃទឹកជាអចិន្ត្រៃយ៍ ចំនួន៤ភូមិ មិនថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជាទម្លាប់របស់ពួកគាត់។
*ទី២៖ នៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ....។
*ទី៣៖ នៅរដូវទឹកស្រក ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ។
*ទី៤៖ ទន្ទឹមនឹងមានការបម្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈ ក៏បានផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលា ទ្រទ្រង់ព្រះពុទ្ធសាសនាបណ្តែតទឹកជាដើម។
*ទី៥៖ ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើង ដូចអ្វីដែលបណ្តាញសង្គមហ្វេកប៊ុកបានផ្សព្វផ្សាយនោះឡើយ។ អាជ្ញាធរ និងមន្ត្រីជំនាញ បានធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា។
ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបាន ចុះផ្សាយផ្ទុយពីការពិតជាក់ស្តែង ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់លើការការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ដើម្បីបុព្វហេតុជាតិមាតុភូមិ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕