(កណ្តាល)៖ បន្ទាប់ពីត្រឡប់មកពីពិនិត្យសុខភាព នៅប្រទេសសិង្ហបុរីរួចមក នៅម៉ោងប្រមាណ ១៦៖០៥ នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោត រួចហើយ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍មួយចំនួន ទៅដល់អ្នកសារព័ត៌មាន ដែលខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវ ជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានអាយុគ្រប់បោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត តាមបែបប្រជាធិបតេយ្យ និងបច្ចេកវិទ្យាទំនើប នៅពេលនេះ ដែលការចុះឈ្មោះបោះឆ្នោត៤ ទៅ៥អាណ្តិតកន្លងទៅនេះ មិនបានធ្វើដូច្នេះឡើយ។
* សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ពីមុនគណបក្សប្រឆាំងបានស្នើឲ្យធ្វើការកែទម្រង់សមាសភាព គ.ជ.ប ប៉ុន្តែនៅពេលនេះសម្តេចបានកែទម្រង់ទាំង សមាសភាព គ.ជ.ប និងប្រព័ន្ធនៃការចុះឈ្នោះបោះឆ្នោតថែមទៀតផង។
* ឆ្លើយតបនឹងការសួររបស់អ្នកកាសែត តើបក្សប្រឆាំងនឹងធ្វើការតវ៉ាទៀតទេ ចំពោះលទ្ធផលនៃការបោះឆ្នោតនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «វាល្មមដល់ពេលបញ្ឈប់ហើយ បើសូម្បីតែចាញ់ Facebook ក៏តវ៉ាដែរ ហើយខ្ញុំសង្ឃឹមថា គេមិនតវ៉ាបែបនេះទេ»។
* សម្តេចតេជោ បានថ្លែងបន្តទៀតថា បើមិនចូលប្រជុំសភាទេ បើមិនចូលស្បថទេ គឺនឹងបាត់បង់កៅអីទាំងអស់ ច្បាប់ថ្មីមិនអនុញ្ញាតមិនឲ្យធ្វើការពហិកា កន្លះឆ្នាំ ឬមួយឆ្នាំទេ បានសេចក្តីថា ទី១ សភាកោះប្រជុំ ក្រោមព្រះរាជទានអធិបតីភាពព្រះមហាក្សត្រ បើអ្នកឯងមិនចូល ក៏ត្រូវតែបាត់ ទី២-ការស្បថចូលកាន់ដំណែង បើអ្នកឯងមិនចូលក៏ត្រូវតែបាត់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «នៅពេលខាងមុខយើងនឹងរកឃើញថា តើមនុស្ស១លាន២សែននាក់ ដែលគេធ្លាប់ថាបាត់នោះ វាទៅណា? នៅពេលដែលចុះឈ្មោះនេះហើយ យើងកំពុងតែប្រុងប្រៀបនូវការគិតគូបែបនេះ ពីព្រោះនៅពេលបោះឆ្នោត២០១៣បាត់ឈ្មោះ ១លាន២សែននាក់ ឥឡូវនេះយើងរង់ចាំថាតើ បន្ទាប់ពីការចុះឈ្មោះបោះឆ្នោតថ្មីនេះហើយ តើ១លាន២សែននាក់ មកចូលក្នុងបញ្ជីនេះ ឬវានៅបាត់បន្ត។ បើសិននៅបាត់បន្ត អ្នកដែលបំផុសឲ្យមានរឿងនេះកាលពីពេលមុន ត្រូវទទួលខុសត្រូវបែបណា»។
* សម្តេចតេជោ បានបន្តដោយធ្វើការ «អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្ហាញខ្លួននៅពេលនេះ ដើម្បីចៀសវាងនូវការចោទប្រកាន់ថា បាត់មនុស្ស។ ពីព្រោះមនុស្សមិនមែនសត្វមាន់ឬ សត្វចាបនោះទេ នេះគឺជាមនុស្សបាត់១លាន២សែននាក់ ច្រើនណាស់»៕
* សម្តេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា អ្នកដែលនិយាយថា ទឹកខ្មៅលុបច្រាស់ ក្នុងរយៈពេល១២ម៉ោង មិនដល់២៤ម៉ោង ក្នុងរយៈពេលបោះឆ្នោត ប៉ុន្តែនៅពេល ការជាក់ស្តែងទឹកខ្មៅនោះ ត្រូវបានអ្នកទាំងអស់គ្នា ប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការបោះឆ្នោត។ ប៉ុន្តែគេបានស្រែករឿងនេះ យើងនឹងទូទាត់បញ្ជីមួយនៅពេល ខាងមុខដើម្បីពិនិត្យឲ្យដឹងថា តើការបោះឆ្នោតរយះពេលកន្លង ទៅមានបាត់មនុស្សដូចដែលគេលើកឡើងទេ ហើយយើងក៏កំពុងតែស្វែងរកថា ទឹកខ្មៅនោះត្រូវបាន ប្រើប្រាស់ ឬក៏លុបច្រាស់ដូចអ្វីដែលគេថា ដែរឬទេ? ព្រោះនេះគ្រាន់តែជាលេស ការបង្កមហន្តរាយសម្រាប់ប្រទេសតែប៉ុណ្ណោះ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន៖